(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រួលដល់ប្រជាពលរដ្ឋដែលចង់ដាក់ពាក្យបណ្ដឹងផ្សេងៗ ដោយមិនចាំបាច់មកផ្ទាល់នោះទេ ពោលអាចដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញបាន ខណៈដែលកម្ពុជា កំពុងតែប្រឈម និងការរីករាលដាលនៃជំងឺ COVID-19។

ការសម្រេចបែបនេះ ដោយអនុវត្ដតាមសារាចរណែនាំលេខ០១សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងសេចក្ដីណែនាំលេខ ០០២ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺផ្លូវដង្ហើមកូវីត១៩ និងដោយមើលឃើញពីផលប៉ះពាល់ នៃជំងឺផ្លូវដង្ហើមកូវីត១៩ និងគិតពីសុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

នាយកដ្ឋានបានសម្រួលនីតិវិធីទទួលពាក្យបណ្ដឹងដូចខាងក្រោម៖

*ទី១៖ ដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ ដោយទាញយកពាក្យគំរូបណ្តឹងតាមរយៈតំណរភ្ជាប់ https://drive.google.com/open រួចផ្ញើមកអាសយដ្ឋាន
accd.police@cyber.police.gov.kh រួចក្រុមការងាររបស់នាយកដ្ឋាន នឹងពិនិត្យហើយឆ្លើយតបក្នុងរយៈពេលសមស្រប ដោយមិនលើសពីរយៈពេល១សប្ដាហ៍។ រាល់ការដាក់ពាក្យបណ្ដឹង ត្រូវប្រើអត្ដសញ្ញាណប័ណ្ណពិតប្រាកដ និងលេខទូរស័ព្ទពិត។

*ទី២៖ លោកអ្នកអាចទំនាក់ទំនងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈទូរស័ព្ទលេខ ០២៣ ៧២៦ ៨២២ រៀងរាល់ថ្ងៃធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី ពេលរសៀលចាប់ពីម៉ោង០២៖៣០នាទី ដល់ម៉ោង០៥៖៣០នាទី៕