(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៃកងទ័ពរំដោះប្រជាជនចិន ដែលត្រូវបានមកកាន់ប្រទេសកម្ពុជា។

តាមរបាយការណ៍របស់ វរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ ប្រធានក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានជម្រាបជូនថា យោងតាមស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា និងយោងតាមសំណូមពររបស់អនុព័ន្ធយោធាចិនប្រចាំកម្ពុជា ក្រសួងការពារប្រទេសចិន បានចាត់តាំងក្រុមការងារ៤រូប រួមជាមួយឧបករណ៍ សម្ភារៈមួយចំនួនមកកម្ពុជា ដែលជាក្រុមទី១ ចេញមកបំពេញបេសកកម្មនៅក្រៅប្រទេស។ គ្រូពេទ្យទាំង៤រូបនេះ រួមមាន សាស្ត្រាចារ្យ៣រូប សាស្ត្រាចារ្យរង១រូប មានជំនាញជំងឺឆ្លង សម្លាប់មេរោគ រកមេរោគ បង្ការ និងមានភារកិច្ចស្រាវជ្រាវហ្វឹកហ្វឺនបច្ចេកទេស ហើយក្នុងពេលដំណើរការក្រុមការងារនេះ បានរៀបចំផែនការគ្រប់ជ្រុងជ្រោយទាំងឧបករណ៍ សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទ តភ្ជាប់ពីជួរមុខដល់ជួរក្រោយ ។

ទន្ទឹមនេះ លោកវរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ ក៏បានបញ្ជាក់បន្ថែមថា ចំពោះវិធានការដែលត្រូវបង្ហាត់បង្រៀនក្រុមគ្រូពេទ្យបង្គោលក្នុងកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ រួមមាន ទី១៖ គ្រប់គ្រងអ្នកឆ្លងវីរុសកូវីដ១៩ ឲ្យមានវិធីសាស្ត្រល្អ ដាក់ដោយឡែក ស្វែងរកអ្នកប្រាស្រ័យទំនាក់ទំនង ដើម្បីធ្វើការវិនិច្ឆ័យបន្ត ។ ទី២៖ កាត់ផ្តាច់ការចម្លងបន្ត កុំឲ្យមានការកើនឡើង ការពារផ្ទាល់ខ្លួនតាមរយៈពាក់ម៉ាស និងថែរក្សាអនាម័យជាប់ជាប្រចាំ និង ទី៣៖ មានវិធានការការពារមន្ត្រីជួរមុខ នោះគឺក្រុមគ្រូពេទ្យព្យាបាលជំងឺឆ្លងវីរុសកូវីដ១៩ តាមរយៈប្រើប្រាស់ឧបករណ៍ សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទតាមលក្ខណៈបច្ចេកទេស។

នៅក្នុងពិធីសំណេះសំណាលនេះ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជំងឺកូវីដ១៩កំពុងរីករាលដាលពាសពេញពិភពលោក ប៉ុន្តែកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន បានរួមចិត្តតែមួយ គៀកស្មាគ្ នាដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏លំបាកមួយនេះនៅកម្ពុជា ពីព្រោះរដ្ឋាភិបាល ប្រជាជន និងកងទ័ពចិន មិនអាចបំភ្លេចបានឡើយ នៅពេលដែលកម្ពុជាជួបការលំបាកនៅការរីករាលដាលជំងឺកូវីដ១៩នេះ ដូចនេះ យើងត្រូវស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក ។

នាពេលកន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយសារការរីករាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលក្រសួងការពារជាតិកម្ពុជា បានជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសចិនទទួលលទ្ធផលគួរជាទីមោទនៈ ដូចនេះ ប្រទេសចិននឹងមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួនធំ និងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និងកងទ័ព មកជួយផងដែរ ។

លោកបានរំឮកបន្ថែមថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ៧រូប រួមជាមួយឧបករណ៍ សម្ភារៈពេទ្យមួយចំនួន បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ១៩ដំបូង ដែលប្រទេសចិនបានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ «អាស៊ាន»។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រនៃកងទ័ពរំដោះប្រជាជនចិនចំនួន៤រូប ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ Jiang Jia fu ដែលជាក្រុមគ្រូពេទ្យកងទ័ពចិន មានសមត្ថភាពពោរពេញដោយបទពិសោធន៍ខ្ពស់ បានបំពេញបេសកកម្មទៅក្រៅប្រទេសជាច្រើនដង ដូចជា ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជាវិញដែរ។ ក្រុមនេះបានចូលរួមក្នុងការស្រាវជ្រាវនៅនឹងកន្លែងផ្ទាល់ ដែលមានការឆ្លងកាត់ក្នុងស្ថានភាពធ្ងន់ធ្ងរក្នុងប្រទេសចិនអស់ជាច្រើនលើកមកហើយ ។

លោកបានបញ្ជាក់បន្ថែមថា ក្រុមឯកទេសបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ របស់កងទ័ពចិនភាគច្រើន គឺមកពីបណ្ឌិតសភាស្រាវជ្រាវវេជ្ជសាស្ត្រយោធាចិន ដែលជាស្ថាប័នមួយបានបង្កើតវ៉ាក់សាំងការពារជំងឺអេបូឡាដំបូងបង្អស់នៅលើពិភពលោក ទទួលបានជោគជ័យ ។ នាពេលថ្មីៗនេះ ក៏បានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ បច្ចុប្បន្នវ៉ាក់សាំងនេះបានដាក់ចូលក្នុងការសាកល្បងព្យាបាលផងដែរ ។

នៅក្នុងពិធីសំណេះសំណាល សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ប្រជាជន កងទ័ពរំដោះប្រជាជនចិន ដែលមានសន្តានចិត្តដ៏ល្អប្រពៃ បញ្ជូនក្រុមគ្រូពេទ្យចិន មកចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជានាពេលនេះ។ ការងារនេះ បានផ្តួចផ្តើមឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន មិត្តដែកថែក មិត្តអមតៈ ដែលជាផ្លែផ្កាកើតចេញពីទំនាក់ទំនងជាប្រពៃណី ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងយុទ្ធសាស្ត្រគ្រប់ជ្រោយ ក្រោមការដឹកនាំអគ្គមគ្គុទេសក៏ការទូតដ៏ឆ្នើម សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។

សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា វត្តមានក្រុមគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិននៅកម្ពុជានាពេលនេះ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជាខិតខំសិក្សា ដកស្រង់ចែករំលែកបទពិសោធន៍ សំដៅលើកកម្ពស់សមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល និងការព្យាបាលជំងឺកូវីដ១៩ជួយសង្គ្រោះអាយុជីវិតដល់ប្រជាជនកម្ពុជា ។

សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកវរសេនីយ៍ឯក លី ជីង ហ្វឹង ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ដែលបានជួយសម្របសម្រួលការងារគ្រប់បែបយ៉ាង ក្នុងការបញ្ជូនក្រុមគ្រូពេទ្យចិនមកកម្ពុជានាពេលនេះ តាមសំណើរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលជាក្រុមគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិន ចេញដំណើរលើកដំបូងសម្រាប់ជួយបណ្តាប្រទេសនៅក្នុងពិភពលោក ដូចនេះ កងយោធពលខេមរភូមិន្ទ សូមចងចាំជានិច្ចទុកក្នុងប្រវត្តិសាស្ត្រសាមគ្គីភាពជាតិ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន តាមពាក្យស្លោកពោលថា «មិត្តល្អស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»

សម្តេចពិជ័យសេនា មានជំនឿយ៉ាងមុតមាំថា ដោយមានការជួយគាំទ្រឧបត្ថម្ភទាំងការហ្វឹកហ្វឺន លើកកម្ពស់ជំនាញបច្ចេកទេស ការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យ និងដោយមានកិច្ចសហការយ៉ាងជិតស្នីទ្ធពីក្រុមគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិននាពេលនេះ ក្រុមគ្រូពេទ្យកម្ពុជា នឹងទទួលបានបទពិសោធន៍សម្រាប់បង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩នៅកម្ពុជានាពេលខាងមុខជាក់ជាមិនខានឡើយ ។ ទន្ទឹមនេះ សម្តេចពិជ័យសេនា បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំនាយកដ្ឋានសុខាភិបាល និងមន្ទីរពេទ្យព្រះកេតុមាលាបន្តយកចិត្តទុកដាក់លើការងារមួយចំនួន ដូចតទៅ ៖
* សហការឲ្យបានជិតស្នីទ្ធបំផុតជាមួយក្រុមគ្រូពេទ្យចិន ក្នុងការរៀបចំវគ្គហ្វឹកហ្វឺន នៅមន្ទីរពេទ្យព្រះកេតុមាលា
និងសម្របសម្រួលសេវាការងារគ្រប់បែបយ៉ាង ដើម្បីធានានិរន្តរភាពការងារប្រចាំថ្ងៃឲ្យបានល្អ និងមានប្រសិទ្ធភាព
* គ្រប់គ្រងគ្រូពេទ្យបង្គោលដែលមានភារកិច្ចមកចូលរួមរៀនសូត្រនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ គោរពវិន័យ ខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗពីក្រុមគ្រូពេទ្យចិន ដែលមកបង្ហាត់បង្រៀន សម្រាប់យកទៅអនុវត្តការងារ ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ជូនប្រជាជន ឲ្យមានប្រសិទ្ធភាព
* បន្តធ្វើការផ្សព្វផ្សាយ ឲ្យកាន់តែសកម្មថែមទៀតដល់ក្រុមគ្រូពេទ្យកងទ័ពទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តវិធានការអនាម័យ គឺ“អនាម័យស្អាត ហូបស្អាត រស់នៅស្អាត នាំមកនូវសុខភាពល្អ” ដោយចាប់ផ្តើមអនាម័យពីយើងម្នាក់ៗជាគំរូ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក្រុមគ្រូពេទ្យយើង មន្ទីរពេទ្យយើង កងទ័ពយើង ប្រទេសយើង ឲ្យបានស្អាត៕