(ភ្នំពេញ)៖ ក្រុមហ៊ុន HUAWEI ដែលជាក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិន គ្រោងបានប្រកាសបំពាក់ឧបករណ៍ 5G ជូនក្រសួងសុខាភិបាល និងកន្លែងព្យាបាលជំងឺកូវីដ១៩ទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពការព្យាបាល និងការងារផ្សេងៗទៀត ពាក់ព័ន្ធនឹងការប្រឆាំងជំងឺកូវីដ១៩នេះ។

លោក Yao Yuya ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Huawei តិចណូឡូជី ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលបណ្តាប្រទេសលើពិភពលោកទទួលរងការយាយីពីមេរោគ COVID-19 ការលើកម្ពស់ប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជំងឺតាមរយៈបច្ចេកវិទ្យាជឿនលឿន បានក្លាយជាវីធីសាស្រ្ត និងជាជម្រើសដំបូងគេបង្អស់សម្រាប់បណ្តាប្រទេសលើសកលលោក។

លោក Yao Yuya បានអះអាងថា ក្រុមហ៊ុន HUAWEI នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូផ្សេងទៀត ផ្តល់ជាបណ្តាញ 5G wireless broadband ជូនដល់ក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលព្យាបាលក្នុងសហគមន៍ និងស្ថាប័នផ្សេងទៀត ដើម្បីផ្តល់ជាបណ្តាញអ៉ីនធើណេតមានល្បឿនលឿនសម្រាប់ទំនាក់ទំនងជាមួយអ្នកខាងក្រៅ។

ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានលើកឡើងថា ផ្អែកលើប្រព័ន្ធប្រជុំវីឌីអូ Cloudlink របស់ក្រុមហ៊ុន HUAWEI អាចសម្រេចបានការទំនាក់ទំនងយ៉ាងជាក់ស្តែងជូនក្រសួងសុខាភិបាល, កន្លែងកំណត់ព្យាបាលជំងឺ COVID-19 ក្នុងរាជធានីភ្នំពេញ, មជ្ឈមណ្ឌលព្យាបាលជម្ងឺតាមបណ្តា ២៥ខេត្តក្រុង និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព។

តាមរយៈមធ្យោបាយនេះ វានឹងផ្តល់ការពិនិត្យវិនិច្ឆ័យជំងឺជូនដល់អ្នកផ្ទុកមេរោគ និងអ្នកជំងឺតាមវិធីសាស្រ្តពិគ្រោះយោបល់ពីចម្ងាយ និងប្រើបច្ចេកវិទ្យា AI គាំទ្រដល់ការពិនិត្យយ៉ាងឆាប់រហ័សជូនដល់មន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ប្រើទិន្នន័យ និងបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការពិនិត្យ និងធ្វើតេស្តជំហានដំបូងជូនដល់អ្នកផ្ទុកជំងឺសម្រាប់ការវិនិច្ឆ័យ និងពិនិត្យរកយ៉ាងទាន់ពេលវេលាជូនដល់អ្នកផ្ទុកជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ តាមរយៈប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei នេះ បានជួយឱ្យក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា ជួបប្រជុំតាមរយៈប្រព័ន្ធបច្ចេកវិទ្យា (Video Conference) ជាលើកដំបូង ជាមួយទីបញ្ជាការទប់ស្កាត់ជំងឺ ក្នុងតំបន់ស្វយ័ត Guangxi ប្រទេសចិន ដោយប្រើប្រព័ន្ធទំនាក់ទំនងវីឌីអូ Welink ដែលបានរៀបចំឡើងក្នុងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការថ្មីនៃក្រុមហ៊ុន Huawei ក្នុងរាជធានីភ្នំពេញ។

តាមរយៈប្រព័ន្ធកិច្ចប្រជុំវីឌីអូ Welink របស់ក្រុមហ៊ុន HUAWEI ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន បានភ្ជាប់ទំនាក់ទំនងជាមួយផ្នែកបញ្ជាការទប់ស្កាត់ជំងឺ ក្នុងតំបន់ស្វយ័ត Guangxi ដោយជោគជ័យ៕