(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា មិនត្រឹមតែជាស្ថាប័ននាំមុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយគ្រោះមហន្ដរាយនានានោះទេ ប៉ុន្ដែបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយអប់រំពីការរស់នៅប្រកបដោយសុខុមាលភាពដល់ប្រជាជនផងដែរ។

ជាក់ស្ដែង ក្នុងការងារផ្សព្វផ្សាយអ់បរំនឹងជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងរាតត្បាតយ៉ាងសាហាវជាសកល បើមិនទទួលបានវិធានការការពារត្រឹមត្រូវនោះទេ វានឹងងាយឆ្លង និងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងឆាប់រហ័ស។ ដូច្នេះហើយ កាកបាទក្រហមកម្ពុជា បានចូលរួមផ្សព្វផ្សាយអប់រំពីវិធានការពារជំងឺនេះ តាមក្រសួងសុខាភិបាលបានប្រកាស ចែកចាយជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងទីកន្លែងដាច់ស្រយាលផងដែរ។

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលអំណោយជាអាល់កុលចំនួន ១០,០០០លីត្រ ពី លោក ទៀ ចាង តំណាងលោក លី បាក់ឡេង (SAMBOON SOKJAROUENKRAISRY) ប្រធានក្រុមហ៊ុន GALAXY RESORT CLUB CO,.LTD ហើយ នឹងចែកចាយបន្ដជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី ខេត្ត សម្រាប់មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់សាខា ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធនឹងជំងឺកូវីដ១៩នៅកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរស របស់ លោក លី បាក់ឡេង ដែលបានឧបត្ថម្ភជាអាល់កុល ដល់កាកបាទក្រហមកម្ពុជា សម្រាប់បំពេញបេសកកម្មការងារមនុស្សធម៌។

លោក ទៀ ចាង តំណាងលោក លី បាក់ឡេង ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានរួមចំណែកកិច្ចការងារមនុស្សធម៌ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា បន្ទាប់ពីទទួលអំណោយជាទឹកអាល់កុលចំនួន១ម៉ឺនលីត្រ ពីក្រុមហ៊ុនខាងលើនេះ លោកស្រី ពុំ ចន្ទីនី បានជួបសំណេះសំណាល និងប្រគល់អាល់កុលសរុបចំនួន ២៩០កាន (ស្មើនឹង ៥,៨០០លីត្រ) និងម៉ាស់ចំនួន ១៥០ប្រអប់ (ស្មើនឹង៧,៥០០ម៉ាស់) ជូនសាខា កាកបាទក្រហមកម្ពុជាទាំង២៥រាជធានីខេត្ត សម្រាប់មន្ត្រី បុគ្គលិក និងអ្នក ស្ម័គ្រចិត្ត របស់សាខា ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌។

ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា បានផ្តល់ជូនសាខាទាំង២៥រាជធានីខេត្ត នូវផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ចំនួន ១៧,០០០សន្លឹក សាប៊ូដុំចំនួន ២០,០០០ដុំ និងឯកសារ ស្តីពីជំងឺកូវីដ១៩ សម្រាប់បន្តចែក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗផងដែរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

លើសពីនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើចំពោះមន្ត្រី -បុគ្គលិកសាខា និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្តីពីវិធានការការពារ និងរក្សាអនាម័យ។

ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ៕