(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានជូនដំណឹងដល់ពលករ-ពលការិនី ដែលកំពុងធ្វើការនៅសាធារណកូរ៉េ (កូរ៉េខាងត្បូង) ហើយកាន់ប្រភេទទិដ្ឋាការ E-9 ឲ្យបានដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងនិយោជន៍កូរ៉េ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ពលករ-ពលការិនីបរទេស ដែលបានបញ្ចប់អណត្តិ ៤ឆ្នាំ ១០ខែ អាចបន្តសុពលភាពស្នាក់នៅ /ធ្វើការនៅកូរ៉េចំនួន ៥០ថ្ងៃ បន្ថែមទៀត។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បញ្ជាក់ទៀតថា លក្ខខណ្ឌសំខាន់ៗដែលអាចបន្តសុពលភាពស្នាក់នៅ /ធ្វើការនៅកូរ៉េចំនួន ៥០ថ្ងៃ បន្ថែមទៀតនេះ រួមមាន៖

១៖ ជាពលរដ្ឋគំរូ (ពលករដែលធ្វើការរយៈពេល ៤ឆ្នាំ ១០ខែ មិនដែលផ្លាស់ប្តូរកន្លែងធ្វើការ និងស្របតាមបទដ្ឋានអាជ្ញាធរកូរ៉េជាធរមាន)។
២៖ ពលករ មិនអាចស្នើសុំដោយខ្លួនឯងបានទេ។
៣៖ និយោជកកូរ៉េត្រូវស្នើសុំទៅក្រសួងការងារ និងនិយោជន៍កូរ៉េដោយផ្ទាល់ ក្នុងអំឡុងពេល ១ខែ មុនអណត្តិពលករ-ពលការិនី បានបញ្ចប់។

គួរបញ្ជាក់ថា ការបន្តសុពលភាពស្នាក់នៅ /ធ្វើការរបស់ពលករ-ពលការិនីកូរ៉េ ដែលកាន់ប្រភេទទិដ្ឋការ E-9 មិនប៉ះពាល់ដល់ការដកប្រាក់បំណាច់ឆ្នាំ ឬអត្ថប្រយោជន៍ផ្សេងៗ ដែលត្រូវទទួលបានឡើយ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរប់ស្ថានទូតកម្ពុជា៖