(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចូលរួមចំណែកប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺឆ្លង និងជួយគាំទ្រដល់អតិថិជនទាំងឡាយ ខណៈពេលដែល Covid-19 កំពុងរីករាលដាល។

ឥឡូវនេះ អតិថិជនរបស់ វីង អាចផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលជួយឲ្យពួកគេផ្ញើប្រាក់ បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ចាកចេញពីផ្ទះ ទៅកាន់មនុស្សជាទីស្រលាញ់ ដែលកំពុងមានតម្រូវការផ្សេងៗ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានថ្លែងថា «សុខភាពនិងសុវត្ថិភាពរបស់សហគមន៍ គឺជាអាទិភាពមួយរបស់យើង។ ស្ថិតក្នុងស្ថានភាពដែល COVID-19 កំពុងតែរីរាលដាលនេះ តម្រូវឲ្យមានការឆ្លើយតបជាចាំបាច់ផងដែរ ដើម្បីជួយសម្រួល និងគាំទ្រដល់ភ្នាក់ងារវីង ក៏ដូចជាអតិថិជនរបស់យើង នៅទូទាំង ប្រទេស។ យើងបានចាត់វិធានការ និងគោលនយោបាយផ្សេងៗដើម្បីធានាថា សហគមរបស់យើងមានសុវត្តិភាព។ ការផ្ទេប្រាក់ពី វីង ទៅ វីង ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង គឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនដែលយើងកំពុងអនុវត្ត»

លោក ម៉ានូ រ៉ាចាន់ បានបន្តថា «យើងសង្ឃឹមថា ការផ្តល់ជូននូវសេវាដោយឥតគិតថ្លៃនេះ នឹងជួយដល់អតិថិជនរបស់វីង រាប់លាននាក់ឲ្យអាចផ្ញើប្រាក់ ទៅមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលកំពុងជួបបញ្ហាវិបត្តិបាន»

ធនាគារជាតិនៃកម្ពុជាថ្មីៗនេះ បានលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសាធារណជនទាំងឡាយ ឲ្យរួមគ្នាប្រើប្រាស់សេវាអេឡិចត្រូនិច សម្រាប់ធ្វើប្រតិបត្តិការផ្សេងៗ និងទូទាត់ការចំណាយ។

បើយោងតាមអង្គការសុខភាពពិភពលោក មានវិធីមួយចំនួន ដែលជួយការពារខ្លួនពីការឆ្លង COVID-19 ដូចជា៖ ការលាងដៃជាមួយសាប៊ូ ការខ្ទប់មាត់ និងច្រមុះ ពេលដែលក្អក ឬកណ្តាស់ ជៀសវាងការប៉ះភ្នែក ច្រមុះនិងមាត់ ព្រមទាំងរក្សាចម្ងាយពីគ្នា យ៉ាងហោចណាស់មួយម៉ែតជាដើម។

លោក ម៉ានូ បានក្រើនរំលឹកទៅអ្នកទាំងអស់គ្នា ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពដោយលើកឡើងថា៖ «សូមអ្នកទាំងអស់គ្នា ទៅមណ្ឌលសុខភាព ដែលនៅជិតខ្លួនបំផុតជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាឆ្លង COVID-19។ ការធ្វើបែបនេះ នឹងអាចជួយការពារអ្នក និងក្រុមគ្រួសាររបស់អ្នកពីការឆ្លង COVID-19បាន»។

កម្មវិធីស្មាតហ្វូនវីង អាចជួយអ្នកប្រើប្រាស់ មិនឲ្យប៉ះសាច់ក្រដាស់ប្រាក់ដោយផ្ទាល់បាន។ ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច វាមិនទាមទារឲ្យមនុស្សម្នា នៅក្បែរគ្នាឬ កាន់សាច់ប្រាក់ដោយផ្ទាល់ ដែលអាចប្រឈមនឹងការចម្លងវីរុសនោះឡើយ។ ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់សុខភាព កម្មវិធីស្មាតហ្វូនវីង អាចផ្តល់ជូន នូវភាពងាយស្រួល ដល់អថិជនដែលអាចទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយត្រឹមតែប្រើចុងម្រាមដៃ ចុចទូរស័ព្ទប៉ុណ្ណោះ។

គ្រាន់តែប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងលើទូរស័ព្ទដៃវៃឆ្លាត ប្រជាជននៅទូទាំងប្រទេស អាចទូទាត់ប្រាក់បានជាច្រើនយ៉ាង មិនថាជាការបង់ថ្លៃទឹកភ្លើង ការបញ្ចូលលុយទូរស័ព្ទ ការទូទាត់ការចំណាយផ្សេងៗ រាប់ចាប់តាំងពីសេវាដឹកជញ្ជូន រហូតដល់ហាងលក់ទំនិញ។

ដោយមានអ្នកប្រើប្រាស់ជាង៥លាននាក់ វីងបានវិវត្តខ្លួនក្លាយជាស្លាកយីហោមួយ ដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្តបំផុតក្នុងការផ្តល់ជូន សេវាកម្មទូទាត់ ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិចត្រូនិច ដោយបានចាប់ដៃគូ ជាមួយពាណិជ្ជករជាង៤ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ដើម្បីផ្តល់ជូនភាពងាយស្រួល ក្នុងការទិញទំនិញតាមអ៊ីនធឺណិត។

លោក ម៉ានូ បានថ្លែងថា «វីងពិតជាមានមោទនភាព ក្នុងការគាំទ្រតម្រូវការហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ មិនថា មានបញ្ហាប្រឈមយ៉ាងណា ក៏ដោយ យើងនឹងកាន់តែរឹងមាំ នៅពេលដែលយើងរួមសហការគ្នាបានល្អ។ សម្រាប់អតិថិជនដែលត្រូវការសាច់ប្រាក់ នៅតែអាចដកប្រាក់បានយ៉ាងងាយស្រួល តាមរយៈបណ្តាញភ្នាក់ងារវីង ជាង៧៥០០កន្លែងទូទាំងប្រទេស បើទោះបីជានៅភូមិដាច់ស្រយាល យ៉ាងណាក្តី»