(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ២សប្តាហ៍បន្ទាប់ពីដាក់ពាក្យបណ្តឹងប្តឹង ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោក មិនទាន់ទទួលបានដំណឹងពីតុលាការ នៅឡើយទេ។

លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ជុំវិញបទ «បរិហាកេរ្តិ៍» បន្ទាប់ពី លោក ហោ ណាំហុង បាននិយាយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោយជួបជាមួយអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បាននិយាយថា សមាជិករបស់គណបក្សអំណាចខ្មែរ ធ្លាប់ធ្វើភេរវកម្ម ដែលជារឿងប៉ះពាល់ដល់ កិត្តិយសរបស់គណបក្សអំណាចខ្មែរ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ លោក សួន សេរីរដ្ឋា បានឱ្យដឹងថា លោកកំពុងរង់ចាំចម្លើយ ពីតុលាការសម្រាប់បណ្តឹងមួយនេះ។ លោកថា តាមនីតិវិធីយ៉ាងហោចណាស់៦០ថ្ងៃ ទើបតុលាការចាត់ការ ហើយលោកនឹងរង់ចាំបន្តទៀត។

ទោះជាយ៉ាងនេះក្តី នាពេលកន្លងមក មេធាវីការពារក្តី ឱ្យឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានអះអាងប្រាប់ Fresh News ថា ពាក្យសម្តីរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មិនមានកំហុសឬទោសនោះទេ ដោយសារតែការលើកឡើងកន្លងមក គឺយោងទៅតាមសាលក្រម និងសាលដីកាតុលាការ ដែលធ្លាប់កាត់ទោស លោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ពីបទក្បត់ជាតិ៕