(ភ្នំពេញ)៖ ដោយគិតគូរពីសុខទុក្ខ និងអនាម័យខ្ពស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់មេរោគ COVID-19 នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលអភិបាលខណ្ឌចំការមន និងមន្ត្រី បានចុះចែកទឹកអាល់កុល សាប៊ូលាងដៃ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសហគមន៍ រុងរឿងចំនួន ១០០គ្រួសារ ស្ថិតនៅផ្លូវលេខ៩៧ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបានផ្សព្វផ្សាយណែនាំ ពីវិធានចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។

លោក សួន សុធី នាយករដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា ក្នុងមួយគ្រួសារទទួលបានទឹកអាល់កុល និងសាប៊ូលាងដៃ ចំនួន០៤ដុំតូច។

ក្នុងនោះ លោក ថេង សុថុល ក៏បានណែនាំដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យមានការយល់ដឹងខ្ពស់ ចំពោះវិធានការ បង្ការ និងទប់ស្កាត់ ការរីករាលដាលវីរុស COVID-19 និងនិតីវិធីដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ជាលក្ខណៈបុគ្គល និងរាយការណ៍ជាបន្ទាន់ករណីសង្ស័យថា មានផ្ទុកវីរុស COVID-19 មកគ្រប់មន្ទីរ អង្គភាពដែលពាក់ព័ន្ធ។

វិធានការនេះ ត្រូវបានចាត់ទុកថា ជាវិធានការចុះផ្សព្វផ្សាយដល់គោលដៅ ពោលគឺតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចេះបង្ការការពារខ្លួនពីជំងឺ COVID-19 ដែលកំពុងរីករាលដាល់នៅបណ្តាលទូទាំងសាកលលោក រួមទាំងកម្ពុជាផងដែរ។

សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានបញ្ចេញសារអប់រំ ជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍។ សារអប់រំជាទិភាពពីលំដាប់ទី១ ដល់ទី៤ រួមមាន៖

*ទី១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺ COVID-19 ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ
*ទី២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់
*ទី៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់
*ទី៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព៕