(ភ្នំពេញ)៖ លោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ដោយមើលឃើញថា នាពេលបច្ចុប្បន្ននេះស្ថានភាពជំងឺរលាកសួតថ្មី កូវីដ១៩ នៅកម្ពុជា កំពុងមានការវិវឌ្ឍន៍ឥតឈប់ឈរក្នុងនាមក្រុមហ៊ុន Huawei ជាសហគ្រាសមួយដែលមានទំនួលខុសត្រូវបម្រើដល់ប្រជាពលរដ្ឋជានិច្ចជាកាល តែងតែប្រកាន់ខ្ជាប់នូវស្មារតី «នៅកម្ពុជា ដើម្បីកម្ពុជា» បានសម្រេចបរិច្ចាគប្រព័ន្ធសន្និសីទវីដេអូ Cloudlink ចំនួន ៣ឈុត ដើម្បីជាជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺនេះ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបង្អស់។

លោក Yao Yuya បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលក្រុមហ៊ុន Huawei ទទួលដំណើរអ្នកជំនាញវេជ្ជសាស្រ្តជនជាតិចិន ប្រឆាំងនឹងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ19 ចំនួន៧នាក់ មកក្រុមហ៊ុន Huawei ដើម្បីធ្វើការសាងល្បងប្រព័ន្ធសន្និសីទវីដេអូ Cloudlink របស់ Huawei ដើម្បីធ្វើការផ្លាស់ប្តូរបទ ពិសោធន៍ជាមួយគ្រូពេទ្យជំនាញនៅប្រទេសចិន ពីការវិវត្តន៍នៃជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា ។

លោក Yao Yuya បានឱ្យដឹងថា លោកសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩នេះ។ តាមរយៈការប្រើប្រាស់ ប្រព័ន្ធសន្និសីទ វីដេអូរបស់ក្រុមហ៊ុន Huawei ក្រុមជំនួយវេជ្ជសាស្ត្រចិននៅកម្ពុជា និងគណៈកម្មការសុខាភិបាលក្វាងស៊ី អាចភ្ជាប់ទំនាក់ទំនងគ្នា ក្នុងយុទ្ធនាការប្រឆាំងនឹងរោគរាតត្បាតនេះ។ លើសពីនេះទៅទៀត នៅក្នុងស្ថានភាពដែលប្រឈមនឹងការរីករាលដាលនៃជំងឺនៅលើសកលលោក នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាទំនើបបានក្លាយជាជម្រើសដំបូងបង្អស់ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសចិន ក៏ដូចជាបណ្តាប្រទេសដទៃទៀតជុំវិញពិភពលោក ក្នុងការបង្កើន ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជម្ងឺរលាភសួតប្រភេទថ្មីនេះ។

លោកបានបន្ថែមថា ឧបករណ៍សម្ភារៈសន្និសីទវីដេអូទាំងអស់នេះនឹងត្រូវបានដាក់តំឡើងនៅក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។ ម្យ៉ាងវិញទៀត ឧបករណ៍ទាំងនេះនឹងជំរុញឱ្យមានការធ្វើអន្តរទំនាក់ទំនងរវាងក្រសួងសុខាភិបាល និងមណ្ឌលសុខភាពខេត្ត ក៏ដូចជាមន្ទីរពេទ្យទូទាំង២៥ ខេត្តក្រុង រួមមានការតាមដាននូវករណីនៃជំងឺ ការពិគ្រោះយោបល់ពីចម្ងាយដោយពេលវេលាជាក់ស្តែង ឬ Real-time ដើម្បីបង្កើនប្រសិទ្ធភាព និងជួយសន្សំសំចៃពេលវេលាក្នុងការការពារ និងគ្រប់គ្រងការរាតត្បាតនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Huawei ដែលកំពុងឈានមុខគេផ្នែកបច្ចេកវិទ្យា 5G និងឧស្សាហកម្មឌីជីថល នឹងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប 5G, CloudLink, AI និង Cloud ដើម្បីឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមជួយបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺរលាភសួតប្រភេទថ្មីនេះ។ ដើម្បីបំពេញតម្រូវការនៅក្នុងមន្ទីរពេទ្យ និងតម្រូវការផ្នែកវេជ្ជសាស្ត្រនានា រួមមាន ការធានានូវប្រតិបត្តិការរបស់វេជ្ជបណ្ឌិត ដំណើរការរបស់ឧបករណ៍ ការធ្វើរោគវិនិច្ឆ័យ និងឧបករណ៍វេជ្ជសាស្ត្រ ផ្សេងៗទៀត ឱ្យដំណើរការបានដោយរលូន គេបានដាក់ពង្រាយបណ្តាញគ្របដណ្តប់ឥតខ្សែ Wi-Fi 6 នៅក្នុងមន្ទីរពេទ្យផងដែរ។

ដើម្បីធ្វើរោគវិនិច្ឆ័យដល់អ្នកជំងឺពីចម្ងាយ និងជួយដោះស្រាយបញ្ហាកង្វះគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យមួយចំនួន ក្រុមហ៊ុន Huawei បានប្រើសន្និសីទវីដេអូ Cloudlink ក្នុងការបង្កើត «កម្មវិធីពិគ្រោះយោបល់ពីចម្ងាយ ឬ Remote consultation platform » ដែលអាចភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាញនៅបណ្តាទីក្រុងមួយចំនួនដូចជា ទីក្រុងប៉េកាំង (មន្ទីរពេទ្យ Beijing Ditan Hospital) ទីក្រុងក្វាងចូវ (មន្ទីរពេទ្យដែលមានសាខានៅសាកលវិទ្យាល័យក្វាងចូវ Sun Yat-sen) និងទីក្រុងផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Huawei ក៏ដូចជាសហគ្រាសដទៃជាច្រើនទៀត ដែលកំពុងខិតខំពុះពារនៅក្នុងប្រទេសកម្ពុជា គឺពិតជាស្រឡាញ់ទឹកដីកម្ពុជាយ៉ាងក្រៃលែង។ ស្ថិតក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងរួមចំណែកយ៉ាងសកម្មក្នុងការខិតខំកសាងសមិទ្ធផល ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា និងសេចក្តី សុខសុភមង្គល របស់ប្រជាពលរដ្ឋ ហើយជឿជាក់ថាពួកយើងទាំងអស់គ្នាកំពុងខិតខំតស៊ូនៅក្នុងឧស្សាហកម្មរៀងៗខ្លួន ក្នុងការចូលរួមចំណែក ដើម្បីចំណងមិត្តភាព ចិន-កម្ពុជា៕