(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ថ្នាក់ដឹកនាំ រួមទាំងសមាជិក សមាជិកា គ្រប់បណ្តាសាខាខេត្ត នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានបរិច្ចាគថវិកាសរុបចំនួន ២៩,៤៤៥ ដុល្លារ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជូនរាជរដ្ឋាភិបាលកម្ពុជា។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជា នៃយើង។ សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។

កាលពីយប់ថ្ងៃទី២៥ ខែមីនា ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ៥នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់ ៩៦នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់។

ប៉ុន្តែអ្វីដែលជាជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជានោះ គឺថាចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយ មានរហូតដល់១០នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនានេះ ក្នុងនោះមានជនជាតិខ្មែរ៨នាក់ និងជនបរទេស២នាក់។

ចំណែកអ្នកជំងឺថ្មីដែលត្រូវបានរកឃើញ៥ករណី នៅថ្ងៃទី២៥ ខែមីនានេះ មាននៅខេត្តព្រះសីហនុចំនួន២នាក់ គឺបុរសជនជាតិបារាំង អាយុ៦៤ឆ្នាំ និងស្រ្តីជនជាតិបារាំងអាយុ៦០ឆ្នាំ នៅរាជធានីភ្នំពេញ១ករណី គឺបុរសអាយុ២៧ឆ្នាំ នៅខេត្តកណ្តាល១ករណី គឺបុរសអាយុ៥៩ឆ្នាំ និងនៅខេត្តសៀមរាប១ករណី គឺបុរសអាយុ៣៧ឆ្នាំ៕