(កំពត)៖ អំណោយមនុស្សធម៌ ត្រូវបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺកូវីត១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដែលដឹកនាំទទួលដោយ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទ ក្រហមខេត្តកំពត ដោយចូលរួមពីសប្បុរសជន និងសមាជិកសមាជិកា របស់សាខាកាកបាទក្រហមខេត្ត រៀបចំឡើងនៅសាលាខេត្តកំពត។

លោក ជាវ តាយ បានថ្លែងថា ក្រោយពេលមានការផ្ទុះឡើងនូវជំងឺ COVID-19 នៅប្រទេសកម្ពុជា អាជ្ញាធរខេត្តកំពត បានខិតខំប្រឹងប្រែង ធ្វើកិច្ចការងារជាច្រើន ដូចជាការចុះអប់រំផ្សព្វផ្សាយអំពីជំងី COVID-19 ចុះណែនាំអំពីវិធីបង្ការ ការធ្វើអនាម័យ រស់នៅតាមមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ និងមូលដ្ឋានប្រឈមនឹងការឆ្លងមេរោគជាច្រើនកន្លែង។ ថ្មីៗនេះ រដ្ឋបាលខេត្តក៏បានរៀបចំបន្ទប់ត្រៀម សម្រាប់ដាក់អ្នកជំងឺ COVID-19 ក្នុងករណីឆ្លង ជាង១៥០បន្ទប់ មានទាំងផ្ទះសំណាក់ និងអគារសាលារៀន។ សកម្មភាពទាំងអស់ខាងលើ មិនអាចខ្វះបាន ពីការចូលរួមជំរុញលើកទឹកចិត្ត តាមរយៈអំណោយជាសម្ភារ ថវិការរបស់សប្បុរសជនបាននោះឡើយ។

អភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា អំណោយរបស់សប្បុរសជនដែលបានផ្ដល់ជូនសាខាកាកបាទក្រហមនាពេលនេះ គឺពិតជាការរួមចំណែ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីត១៩ និងដើម្បីជួយរំលែង ការលំបាក បញ្ហាខ្វះខាត សម្រាប់ប្រជាពលរដ្ឋផង និងអ្នកដែលចុះបំពេញបេសកម្ម ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ផងដែរ ខណៈដែលរាជរដ្ឋាភិបាល កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពាវនាវណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ រួមនឹងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធនឹងជំងឺ COVID-19 ដែលជាជំងឺរាតត្បាតជាសកល។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ កោតសរសើរដល់សប្បុរសជន ចំពោះកាយវិការទឹកចិត្តសប្បុរសធម៌ ក្នុងការរួមចំណែ ដើម្បីឆ្លើយតបក្នុងកាលៈទេសៈនាបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ ដែលជាជម្ងឺរាតត្បាតសកលក្នុងពិភពលោក ក៏ដូចនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

លោក ជាវ តាយ ក៏បានសន្យានឹងចាត់ចែងអំណោយទាំងនេះ ឱ្យបានចំគោលដៅ នៃគោលការណ៍មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ឈានមុខ ក្នុងការជួយសង្គ្រោះនិង ជួយសម្រាលការលំបាក បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ងាយរងគ្រោះនិងរងគ្រោះនៅក្នុងមូលដ្ឋាន។

លោក ជាវ តាយ បានបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកំពតមានអ្នកកើតជំងឺ COVID-19 តែ២នាក់ប៉ុណ្ណោះ ហើយបើតាមលទ្ធផលការ ធ្វើតេស្តសំណាកលើកទី២ មានម្នាក់ក្នុងចំណោមនោះទទួលលទ្ធផល អវិជ្ជមាន ប៉ុន្តែក្រុមគ្រូពេទ្យកំពុងតាមដានបន្តថែមទៀត។

អំណោយដែលទទួលបានពីសប្បុរសជននាឱកាសនោះរួមមាន៖ មី២៦កេស, ត្រីខ១០០កំប៉ុង, ទឹកអាកុលលាងដៃ ចំនួន៥០០ដបតូច និងថវិកាចំនួន ១២លានរៀល និង១៨០០ដុល្លារ។ ឱកាសនោះដែរ លោក ជាវ តាយក៏បានប្រគល់នូវបណ្ណ និងលិខិតសរសើរដល់សប្បុរសជន ចំនួន១៧នាក់ផងដែរ៕