(ស្វាយរៀង)៖ ជនជាតិចិន១៧៤នាក់ បានធ្វើដំណើរតាមរថយន្តក្រុងចូលមកក្រុងបាវិត ត្រូវបានអាជ្ញាធរឃាត់ និងនាំយកទៅដាក់នៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីស្វែងរក និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

សេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ជនជាតិចិនទាំងជាង១៧០នាក់នោះ កំពុងដាក់ឲ្យស្នាក់នៅសណ្ឋាគារ អ៊ឹម ម៉ីហៀង ដើម្បីតាមដានសុខភាព។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅយប់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០ មានជនជាតិចិនចំនួន១៧៤នាក់ បានធ្វើដំណើរតាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិត ហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារ និងតាមកាស៊ីណូ ក៏ប៉ុន្តែត្រូវម្ចាស់សណ្ឋាគារ និងកាស៊ីណូ មិនអនុញ្ញាត ហើយបានរាយការណ៍មកជូនអាជ្ញាធរ និងសមត្ថកិច្ច ទើបលោក លឹមសៀង ហេង អភិបាលក្រុងបាវិត បានសហការជាមួយនគបាលអន្តោប្រវេសន៍ ស្នងការនគបាលខេត្ត នគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិត នគបាលក្រុងបាវិត និងកងរាជអាវុធហត្ថខេត្ត ចុះទៅឃាត់ និងបញ្ជូនជនជាតិចិនទាំង១៧៤នាក់ មកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិត និងអាគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រង និងសាកសួរ។

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចនគបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគបាលខេត្ត បានសហការជាមួយ នគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិ បានសាកសួរ និងឲ្យមន្ត្រីសុខាភិបាលពិនិត្យ និងធ្វើចត្តាឡីសក័ រហូតដល់ម៉ោង១១៖៣០នាទីព្រឹក ពុំទាន់រកឃើញមានមុខសញ្ញាគួរឲ្យសង្ស័យករណីវីរុសកូវីដ១៩នោះទេ។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិក សមាជិកា បានផ្តល់សណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងក្រុងបាវិត ឈ្មោះថា អ៊ឹម ម៉ីហៀង មានចំនួន៥២បន្ទប់ ជូនរដ្ឋបាលខេត្តស្វាយរៀង ដើម្បីចាត់ចែងឲ្យរដ្ឋបាលក្រុងបាវិតរៀបចំ និងប្រើប្រាស់ជាទីកន្លែងរក្សាទុក ប្រជាជនចិនចំនួនប្រមាណ ១៧៤នាក់ ស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩(COVID-19)៕