(កណ្តាល)៖ អនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឲ្យក្រុមការងារថ្នាក់កណ្តាល ចុះចែកជូននូវក្រមា និងសម្ភារសម្រាប់បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនោះ, នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្តាល បាននាំយកអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា រួមមានក្រមា ១៣០០ និងម៉ាស១៥០០ ជូនមន្ត្រីជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីត១៩ ក្នុងនោះមានផ្តល់ថវិកាចំនួន៦លានរៀលផងដែរ។

ការប្រគល់ជូននូវសម្ភារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នេះធ្វើឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងកើនឡើងជាបន្តបន្ទាប់ ហើយដើម្បីឲ្យក្បាលម៉ាស៊ីដឹកនាំស្រុកដែលរួមមាន អភិបាលស្រុក កម្លាំងប្រដាប់អាវុធទាំង៣ និងថ្នាក់ដឹកនាំយុវជនផងដែរ យកទៅប្រើប្រាស់អប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ លោក ហេង រតនា បានណែនាំដល់បងប្អូនជាក្បាលម៉ាស៊ីនស្រុក ត្រូវឈរលើស្មារតី និងទស្សនៈ អនុវត្តម៉ឺងម៉ាត់នៃវិធានការបង្ការជំងឺកូវីត១៩ របស់រាជរដ្ឋាភិបាល និងគោលការណ៍កំណត់ថា យើងមិនអាចបញ្ឈប់ការឆ្លងវីរុស ដោយសារភាពភ័យខ្លាច ដោយការគ្មានវិន័យសណ្តាប់ធ្នាប់ ដោយការគ្មានច្បាប់ទម្លាប់ល្អនោះទេ តែយើងអាចបញ្ឈប់ការឆ្លងវីរុសដោយសារភាពវៃឆ្លាត ដោយមានវិន័យសណ្តាប់ធ្នាប់ម៉ឺងម៉ាត់ មានច្បាប់និងនីតិវិធីរឹងមាំ និងជាពិសេសមានការចូលរួម និងលះបង់ចេញពីបុគ្គលម្នាក់ ក្រុមគ្រួសារមួយ អង្គភាពមួយ សហគមន៍មួយ និងសង្គមជាតិមួយ អាចប្រយុទ្ធនឹងមេរោគកូវីតន ១៩ ប្រកបដោយជោគជ័យបាន។ នេះជាសង្គ្រាមអនាម័យ ល្អ តាមលក្ខណៈបច្ចេកទេសកំណត់ ក្នុងការការពារខ្លួន ការពារគ្រួសារខ្លួន ការពារសហគមន៍ខ្លួន ការពារអង្គភាពខ្លួន និងការពារសង្គមជាតិខ្លួន ប្រយុទ្ធនឹងមេរោគរាត្បាតកូវីត១៩។

លោកបានណែនាំដល់អាជ្ញាធរ ខិតខំគ្រប់គ្រងនូវបងប្អូនពលករ ដែលទើបត្រឡប់មកពីក្រៅប្រទេសឲ្យបានល្អ ដោយតម្រូវឲ្យដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ប្រសិនបើមានការសង្ស័យត្រូវរាយការណ៍ ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល។ ជាមួយគ្នានេះ ត្រូវណែនាំដល់បងប្អូនពលរដ្ឋបើមិនចាំបាច់ កុំចេញពីផ្ទះ៕