(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង បានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងប្រទេសសមាជិកអាស៊ានចំនួន៤ (វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង ព្រុយណេ) បាននិងកំពុងក្លាយជាបញ្ហាក្តៅ និងតានតឹងខ្លាំង ដោយសារការលូកដៃចូលពីប្រទេសមហាអំណាច ដែលប្រទេសមហាអំណាចនេះ ត្រូវបានគេដឹងថា ជាសហរដ្ឋអាមេរិក។

ថ្លែងក្នុងពិធីធ្វើបទបង្ហាញចំណឹងដឹងអាស៊ាន ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទ១២០នាក់ ដែលត្រៀមខ្លួនធ្វើទស្សនកិច្ច ស្វែងយល់ពីសមាហរណកម្មអាស៊ាន នៅតាមសាកលវិទ្យាល័យ ក្នុងប្រទេសសមាជិកអាស៊ាន នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ ប្រមុខការទូតកម្ពុជា បានថ្លែងថា «បញ្ហាសមុទ្រចិនខាងត្បូង នឹងវិវត្តន៍កាន់តែលំបាកទៅៗ កាន់តែមានភាពតានតឹង។ រហូតដល់សព្វថ្ងៃមានភាពតានតឹងខ្លាំង ដោយសារការជ្រៀតជ្រែកពីមហាអំណាចចូលសមុទ្រចិនខាងត្បូង»

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានថ្លែងបង្ហាញពីមោទនភាពរបស់កម្ពុជាផងដែរ ដែលបានសម្រេចចេញនូវសេចក្តីថ្លែងការណ៍រួម DOC (Declaration of Conduct) ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០០២។ លោក ហោ ណាំហុង បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ដោយបានព្យាយាមជួបជាមួយគ្រប់ភាគីជម្លោះដូចជា ចិន វៀតណាម ហ្វីលីពិន និងអាមេរិកផងដែរ។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន បណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសចិន អាមេរិកផងដែរ បានស្នើឲ្យគ្រប់ភាគីជម្លោះគោរពទៅតាមសេចក្តីថលែងរួម DOC នេះ។

ប្រទេសចិន និងប្រទេសសមាជិកអាស៊ានចំនួន ៤ផ្សេងទៀតរួមមាន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង ព្រុយណេ មានជម្លោះជាមួយគ្នាយ៉ាងស្រួចស្រាវ នៅក្នុងដែនសមុទ្រចិនខាងត្បូង ដណ្តើមទីប្រជុំកោះ Spratleys និង Paracels។ មកដល់បច្ចុប្បន្នមិនទាន់មានប្រទេសណាមួយ អាចដោះស្រាយជម្លោះដណ្តើមដែនកោះ និង សមុទ្រនេះបាននៅឡើយនោះទេ៕