(ភ្នំពេញ)៖ មន្ត្រីយោធានៅក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះថា គ្រូពេទ្យឯកទេសយោធាចិនជំនាញបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ចំនួន៤នាក់ ក្នុងនោះមានពេទ្យស្ត្រីម្នាក់ បានមកដល់កម្ពុជា ដើម្បីជួយបង្រៀនដល់ពេទ្យយោធាកម្ពុជា។

មន្ត្រីយោធាក្រសួងការពារជាតិដដែលរូបនេះ បានបញ្ជាក់ទៀតថា គ្រូពេទ្យឯកទេសយោធាចិនទាំង៤នាក់ បានមកដល់កម្ពុជា នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក Jiang Jiafu ជាប្រធានក្រុម ហើយមកកម្ពុជា ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធានៃកងយោធពលខេមរភូមិន្ទ (ខភម) នៅតាមបណ្តាកងឯកភាព របស់ខ.ភ.ម។

មន្ត្រីយោធាបានឲ្យដឹងផងដែរថា តាមកម្មវីធីគ្រោងទុកនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ គ្រូពេទ្យឯកទេសយោធាចិនទាំង៤នាក់ នឹងចូលជួបសំណេះសំណាលជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២០ គ្រូពេទ្យឯកទេសយោធាចិន នឹងចូលរួមបើកវគ្គ ហ្វឹកហ្វឺននៅមន្ទីរពេទ្យព្រះកេតុមាលា។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញរបស់ចិនចំនួន៧នាក់ផ្សេងទៀត ដែលមានបទពិសោធខ្ពស់ក្នុងការព្យាបាលកូវីដ១៩ បានមកដល់ប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ក្នុងការព្យាបាលជំងឺកូវីដ១៩ ។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពរបស់ចិន ប្រចាំនៅកម្ពុជា បានអញ្ជើញទៅទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រុមគ្រូពេទ្យជំនាញចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវសម្ភារៈបរិក្ខាពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈបរិក្ខាពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជាមួយនឹងពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕