(ភ្នំពេញ)៖ ពិតជាមិនធម្មតា! កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដណ្តើមបានតំណែងកំពូលតារាង កម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យា ប្រចាំតំបន់អាស៊ី (Asia's Top 100 Students) និងកម្រិតពិភពលោក (World Top 100 Students)។ នេះបើយោងតាមតារាងពិន្ទុពីគេហទំព័រ «Mathletics» ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

លទ្ធផលនៅលើគេហទំព័រ បានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងតំបន់អាស៊ី និងពិភពលោកជាមួយពិន្ទុ ២០,១០៤។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យា «Mathletics» នេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។

ជាមួយការដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឱ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលើកំពូលតារាងគេហទំព័រ «Mathletics» ដែលជាគេហទំព័រមួយបើកឱ្យមានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារមកពីប្រទេសជុំវិញពិភពលោក។

ការដណ្តើមបានចំណាត់ថ្នាក់លេខ១ នៅលើតារាងប្រកួតប្រជែងគណិតវិទ្យារបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាមោទនភាពមួយរបស់កម្ពុជា ហើយក៏បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ បានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ភាពវ័យឆ្លាតរបស់មនុស្សមិនស្ថិត នៅលើមនុស្សនោះកើតក្នុងប្រទេសធំ ប្រទេសមានសេដ្ឋកិច្ចរុងរឿង ឬប្រទេសនោះជាប្រទេសតូច ឬមានសេដ្ឋកិច្ចមិនរីកចម្រើននោះឡើយ ពោលមនុស្សជាតិកើតក្នុងប្រទេសតូច ប្រទេសក្រីក្រ ក៏មានសមត្ថភាពឆ្លាតវៃដូច ឬឆ្លាតជាងប្រទេសមានសេដ្ឋកិច្ចរុងរឿង ប្រទេសធំផងដែរ។

តាមរយៈសមត្ថភាពលិចធ្លោ លើការប្រកួតប្រជែងគណិតវិទ្យានេះ បានបង្ហាញពីសមត្ថភាពរបស់កូនខ្មែរ។ បើទោះបីប្រទេសនេះ ធ្លាប់ជាប្រទេសរស់នៅក្រោម អាណានិគម ជាប្រទេសធ្លាប់យាយីដោយភ្លើងសង្គ្រាម តែបច្ចុប្បន្នប្រជាជាតិកម្ពុជា ក្រោមម្លប់សន្តិភាព កំពុងមានឱកាសទទួលបានចំណេះដឹង និងប្រកួតប្រជែងសមត្ថភាពជាមួយមនុស្សជាតិ នៅលើពិភពលោក ហើយក៏អាចដណ្តើមបានចំណាត់ថ្នាក់ល្អខ្ពស់ លើសគេផងដែរ៕