(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានអះអាងថា យើងនៅតែបន្តស្វាគមន៍ទទួល ពលករខ្មែរនៅប្រទេសថៃ ដែលបានត្រឡប់មកកម្ពុជាវិញ ហើយត្រូវត្រួតពិនិត្យសុខភាព ឲ្យបានតឹងរឹងដោយធ្វើការវាស់កម្តៅចែកម៉ាសជូនគាត់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ COVID-19 ដល់កម្ពុជា។

នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរខេត្ត និងនគរបាលអន្តប្រវេសន៍ខេត្តប៉ៃលិន និងខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ COVID-19 ដល់កម្ពុជា តាមរយៈពលករខ្មែរឆ្លងដែនពីប្រទេសថៃមកកម្ពុជា ជាបន្តបន្ទាប់ទៀតនេះ អាជ្ញាធរខេត្ត និងនគរបាលអន្តោប្រវេសន៍ខេត្ត នគរបាលវរការពារព្រំដែនគោកទាំងពីរ ត្រូវយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងជំងឺនេះ ព្រោះឆ្លងសាហាវណាស់ ដោយបច្ចុប្បន្នបានឆ្លងចំនួន ១៧០ប្រទេសនៅលើពិភពលោកហើយ។

សម្តេចបានបន្តថា «ដោយសារតែប្រទេសថៃ បានឆ្លងមេរោគ COVID-19 កើនឡើងដោយគំហុកនោះ ប្រជាពលរដ្ឋខ្មែរយើងគាត់មានការ ភ័យខ្លាចក៏បានវិលត្រឡប់មកផ្ទះសំបែង នៅស្រុកវិញស្រប ពេលជិតដល់ថ្ងៃបុណ្យចូលខ្មែរផង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវទទួលគាត់ដោយទន់ភ្លន់ និងកត់យកអត្តសញ្ញាណរបស់ពួកគាត់ផង ដើម្បីងាយស្រួលតាមដានចុះអប់រំ គាត់នៅតាមមូលដ្ឋានខ្នងផ្ទះផ្ទាល់ ឲ្យគាត់យល់និងផ្សព្វផ្សាយតាមេក្រូជាប្រចាំនៅក្នុងមូលដ្ឋាន បានជ្រាបច្បាស់បានយល់ងាយស្រួលទប់ស្កាត់ការរីរាលដាលនៃការឆ្លងឆ្លងមេរោគនេះ»

សម្តេចបានរំលឹកផងដែរថា «ថ្ងៃស្អែកនេះជាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ យើងរង់ចាំមើលថៃបានកំណត់យកជាថ្ងៃប្រកាសអាសន្នផងនោះ ទើបពលរដ្ឋខ្មែរនាំសម្រុកចូលមកស្រុកខ្លួនវិញតាមច្រកព្រំដែននៃខេត្តទាំងពីរ»

ក្នុងឱកាសសំណេះសំណាលនោះ សម្តេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់រដ្ឋបាលស្រុក និងអង្គភាពនានានៅក្នុងខេត្តទាំងពីរសម្រាប់ការ ចំណាយផ្គត់ផ្គង់ផ្សេងៗមានដូចខាងក្រោម៖

*ទី១៖ ឧបត្ថម្ភជូនរដ្ឋបាលស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកសំឡូត ក្នុងមួយស្រុកៗទទួលបានថវិកាចំនួន ២លានរៀល
*ទី២៖ ឧបត្ថម្ភជូនអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកសំឡូត ក្នុងមួយអធិការដ្ឋានចំនួន ២លានរៀល
*ទី៣៖ ឧបត្ថម្ភជូននគរបាលវរៈការពារព្រំដែនគោកលេខ៨១៧, លេខ៨១៩, លេខ៨២៣ និងលេខ៨១០ ក្នុងមួយវរៈចំនួន ២លានរៀល
*ទី៤៖ ឧបត្ថម្ភជូនច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងច្រកព្រំដែនអន្តរជាតិដូង ក្នុងមួយច្រកៗចំនួន៤លានរៀល
*ទី៥៖ ឧបត្ថម្ភជូនក្រុមចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងមួយច្រកទទួលបាន ២លានរៀល
*ទី៦៖ ឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ថវិកាចំនួន២លានរៀល
*ទី៧៖ ឧបត្ថម្ភជូនច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ថវិកាចំនួន៤លានរៀល
*ទី៨៖ ឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ថវិកាចំនួន២លានរៀល
*ទី៩៖ ឧបត្ថម្ភជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថប៉ៃលិន ថវិកាចំនួន២លានរៀល
*ទី១០៖ ឧបត្ថម្ភជូនតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ថវិកាចំនួន២លានរៀល
*ទី១១៖ ឧបត្ថម្ភជូនវរៈការពារព្រំដែនគោកលេខ៨២១ ថវិកាចំនួន២លានរៀល
*ទី១២៖ ឧបត្ថម្ភជូនយោធាវរៈការពារព្រំដែនលេខ១ ថវិកាចំនួន២លានរៀល
*ទី១៣៖ ឧបត្ថម្ភម៉ាស់ជូនខេត្តបាត់ដំបង ចំនួន ៣.០០០ ម៉ាស់ និងខេត្តប៉ៃលិនចំនួន២.០០០ម៉ាស់ផងដែរ៕