(ប៉ៃលិន)៖ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ដោយសារស្ថានភាពរីករាលដាលនៃវីរុស COVID-19 បានបង្ខំឲ្យពលករខ្មែរដែលធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃជាង ១០០នាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គ្រាដែលច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន និងច្រកសំខាន់ៗផ្សេងទៀត ជាប់ព្រំដែនថៃត្រូវបានបិទ មិនឱ្យចេញចូលទៅមកបានឡើយ។

បើតាមការរៀបរាប់របស់ពលករខ្មែរដែលឆ្លងដែនមក បានឱ្យដឹងឡើងថា នៅក្នុងប្រទេសថៃពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះ COVID-19 ផង រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំឲ្យពួកគាត់សម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយដោយច្រកទ្វារព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះ ក៏ត្រូវបង្ខំចិត្តត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីជួបជុំក្រុមគ្រួសារ ហើយជាក់ស្តែងនៅថ្ងៃនេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជួបពិភាក្សាជាមួយភាគីថៃដោយ អនុញ្ញាតឱ្យពលករប្រមាណជាង ១០០នាក់ ទើបបើកច្រកឱ្យចេញម្តង ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។

លោក ផាន់ ចាន់ធុល បានឱ្យដឹងថា ពលករខ្មែរដែលឆ្លងដែនត្រលប់មកវិញនេះ អាជ្ញាធរមិនបានអនុវត្តន៍ដាក់ឲ្យនៅដាច់ឡែកនោះទេ ដោយគ្រាន់តែកំណត់អត្តសញ្ញាណ ការស្រង់ទិន្នន័យ លំនៅដ្ឋានពិតប្រាកដត្រូវត្រឡប់ទៅវិញ ងាយស្រួលការការពារ និងតាមដានព័ត៌មានផ្សេងៗ ការពិនិត្យឆែកកំដៅនិងពិនិត្យសុខភាពយ៉ាងតឹងរឹង និងលាងសំអាតដៃនិងដងខ្លួនដោយសារធាតុសម្លាប់ មេរោគពីក្រុមមន្ត្រីសុខាភិបាលខេត្ត រួចហើយទើបមានអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញជាធម្មតា។

យោងតាមរបាយការណ៍របស់នគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំបានឱ្យដឹងថា ពលករកម្ពុជាដែលឆ្លងព្រំដែនមកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គិតចាប់តាមពីម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា រហូតដល់ម៉ោង ១២ថ្ងៃត្រង់ គឺមានចំនួនសរុប ១០៣នាក់ ស្រី៥១នាក់ ហើយលទ្ធផលពិនិត្យសុខភាពបឋម គឺអវិជ្ជមានទាំងអស់៕