(ភ្នំពេញ)៖ ឧបករណ៍ធុងបាញ់ថ្នាំសម្លាប់វីរុស COVID-19 ចំនួន៧០ធុង មកពីក្រុមហ៊ុន ធី ខេអេស គ្រុប ហៅ គីសែ បានប្រគល់ជូនក្រសួងសុខាភិបាល និងគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការ នៃការរីករាលដាលនៃមេរោគកូរ៉ូណា កូវីដ១៩ នៅកម្ពុជា។

លោកទន្ដបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា «ឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគ COVID-19 ចំនួន៥០ធុង ដែលក្រសួងទទួលបានពីក្រុមហ៊ុន ធី ខេអេស នឹងជួយជំរុញដល់ការងារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃវីរុសកូវីដ១៩ នៅកម្ពុជាយើង កាន់តែភាពល្អប្រសើរបន្ថែមទៀត»

ជំនួយមនុស្សធម៌នេះ បានបញ្ជាក់ពីកាយវិការសប្បុរសធម៌ ដ៏ប្រពៃ របស់ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ធី ខេអេស គឺបានចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់នៅពេលណា ដែលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោក ឃឹម រុស្ស៊ីដា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី បានថ្លែងផងដែរថា «ពិតណាស់ ឧបករណ៍នេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្លាប់វីរុសកូវីដ១៩ និងមេរោគផ្សេងៗទៀត យើងនឹងរក្សាទុកសម្រាប់ប្រើប្រាស់ឱ្យចំគោលដៅ»

ក្នុងឱកាសនោះ លោក ប៊ុន ចាន់សុភាព អគ្គនាយកក្រុមហ៊ុន ធី ខេអេស គ្រុប ហៅ គីសែ ដែលជាក្រុមហ៊ុននាំចូលផលិតផល ឧបករណ៍ សម្ភារជាងសំណង់ និងកសិកម្ម ពីប្រទេសជប៉ុន ថៃ និងចិន សម្រាប់ផ្គត់ផ្គង់ចែកចាយបន្តជូនដល់អតិថិជន និងដៃគូពាណិជ្ជកម្មនៅទូទាំង២៥ រាជធានីខេត្ត បានថ្លែងប្ដេជ្ញាចិត្ដ ចូលរួមទប់ស្កាត់ ប្រឆាំងនឹងកូវីដ១៩នេះ ក្រៅពីការផ្ដល់ជូននូវឧករណ៍នៅពេលនេះ លោកនឹងបន្ដចូលរួមតាមរយៈសកម្មភាពផ្សេងៗទៀត ជាពិសេសផ្សព្វផ្សាយពីវិធានការការពារវីរុសកូវីដ១៩នេះផងដែរ។

សូមជម្រាប ដោយស្មារតី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុន ធី ខេអេស គ្រុប ហៅ គីសែ បានផ្ដល់ជូននូវឧបករណ៍ធុងបាញ់ថ្នាំសម្លាប់វីរុសកូវីដ១៩ ចំនួន៧០ធុង ក្នុងនោះ ៥០ធុងប្រគល់ជូនក្រសួងសុខាភិបាល និង២០ធុង ជូនដល់ទីស្ដីការគណៈរដ្ឋមន្ដ្រី៕