(ស្វាយរៀង)៖ សមកិច្ចជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន។

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត និងដោយមានការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមានទី១៖ ឈ្មោះ ឡេ យ៉ាំងឡា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងអ៊ុតសក់ និងកាត់សក់ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល និងទី២៖ ឈ្មោះ វៀង យ៉ាំងហ៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ ទាំង២នាក់មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បានដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់, ទូរសព្ទដៃចំនួន ០៣គ្រឿង, ប្រាក់ដុងចំនួន ៤,០០០,០០០ដុង, ប្រាក់ដុល្លារចំនួន១០ដុល្លារ, បង្កាន់ដៃទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសចំនួន ០១សន្លឹក, សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្ត កសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត៕