(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពី វិធានការបង្ការការចម្លងជំងឺកូវីដ១៩ សម្រាប់មគ្គុទេសទេសចរណ៍ និងអ្នកនាំក្រុមទេសចរ។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ដែល Fresh News ទទួលបាន នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា សម្រាប់ការទប់ស្កាត់ការចម្លងជំងឺរលាកសួត វីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩ សម្រាប់ភ្ញៀវទេសចរ ដែលបានមកទស្សនាក្នុងប្រទេសកម្ពុជា មានដូចជា មគ្គុទេសទេសចរណ៍ ត្រូវធ្វើការជូនដំណឹងដល់ភ្ញៀវទេសចរឱ្យបានដឹងថា កម្ពុជាមានវិធានការនៃការត្រួតពិនិត្យ នៃជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី រាល់អ្នកដំណើរដែលបានធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមរយៈច្រកព្រំដែន ដែលមានដូចជា៖ ច្រកព្រំដែនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

មគ្គុទេសទេសចរណ៍ ត្រូវធ្វើការសាកសួរពីប្រវត្តិធ្វើដំណើររបស់ភ្ញៀវទេសចរ ប្រសិនបើពួកគាត់បានធ្វើដំណើរទៅកាន់តំបន់ដែលបានផ្ទុះរាលដាលនៃជំងឺ រយៈពេល១៤ថ្ងៃមុន និងតំបន់ផ្សេងទៀតដែលរាប់ចូលជាតំបន់ដែលបានឆ្លងនៃជំងឺនេះ និងត្រូវសង្គេតមើលអាការៈរបស់ពួកគាត់ ប្រសិនបើពួកគាត់មានអាការៈ ក្អក កណ្តាស់ ហៀរសំប៉ោរ គ្រុនក្តៅ និងពិបាក ដកដង្ហើម ត្រូវធ្វើការទាក់ទងទៅកាន់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ឫធ្វើការទាក់ទងទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ៕

ខាងក្រោមនេះជាវីដេអូ សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍៖