(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ (COVID-19)។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ក្រុមការងារបង្ការ និងទប់ស្កាត់ការឆ្លងជំងឺ COVID-19 មាននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជាប្រធាន អមដោយអនុប្រធាន៦រូប, អនុប្រធានអចិន្ដ្រៃយ៍ និងសមាជិកដែលមានប្រធាននាយកដ្ឋាន, អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តទាំង២៤។

គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។ ជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៕