(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការត្រួតពិនិត្យបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 បានជំរុញឲ្យលោកអភិបាលគ្រប់បណ្តាស្រុក មន្ត្រីសុខាភិបាល និងមានការចូលរួមសហការមន្ត្រីគ្រប់ស្ថាប័ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 និងជំងឺឆ្លងផ្សេងៗទៀត។

លោកស្រី មិថុនា ភូថង បានលើកឡើងថា អភិបាលស្រុកគ្រប់ស្រុក និងមន្ត្រីសុខាភិបាល ត្រូវយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ និងដោយក្តីប្រុងប្រយ័ត្នបំផុតចំពោះជំងឺឆ្លង COVID-19 ដែលជាជំងឺ ដ៏កាចសាហាវបំផុតដែលរីរាលដាល់នៅពិភពលោក។ ដូច្នេះយើងត្រូវមានវិធានការទប់ស្កាត់បង្ការ ការពារកុំឲ្យ COVID-19 រីករាលបង្កហានិភ័យដល់ប្រជាពលរដ្ឋខ្លាំងឡើងៗ ហេតុនេះអភិបាល ស្រុក មន្ត្រីសុខាភិបាលគ្រប់ស្រុក ត្រូវធ្វើការផ្សព្វផ្សាយអប់រំ ពីនីតិវិធីការពារ COVID-19 របស់ក្រសួងសុខាភិបាល ដែលធ្វើណែនាំ និងអប់រំក្នុងទប់ស្កាត់ការរីករាល COVID-19។

លោកស្រីបានថ្លែងបន្តថា «គ្រប់បណ្តាស្រុកត្រូវធ្វើការតាមដានឲ្យបានជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលគាត់ចេញពីប្រទេសថៃ មន្រ្តីសុខាភិបាល ត្រូវឲ្យគាត់ស្នាក់នៅ កន្លែងផ្សេង ១៤ថ្ងៃ សិនក្រោមការតាមដានរបស់មន្ត្រីសុខាភិបាល ដើម្បីការពារនៃការរីករាលដាលបន្ត ហើយរកកន្លែងឲ្យស្នាក់នៅឆ្ងាយពីគេ ដោយសមរម្យ ហើយធ្វើការអប់រំដល់ពួកគាត់ កុំឲ្យមានការភ័យខ្លាច»

លោកស្រីថា អាជ្ញាធរ មន្ត្រីសុខាភិបាល ត្រូវធ្វើការផ្សព្វផ្សាយជាប្រចាំក្នុងការណែនាំរបស់ក្រសួងសុខាភិបាល ហើយណែនាំដល់ប្រជាពលរដ្ឋណាដែលមានការសង្ស័យពីបញ្ហាសុខភាព ត្រូវមកមន្ទីរពេទ្យឬមណ្ឌលសុខភាព ដើម្បីពិនិត្យមើលសុខភាព៕