(ព្រះសីហនុ)៖ ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យមើលសកម្មភាពការងារកងទ័ពជើងទឹកនៅមូលដ្ឋានសមុទ្រ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញឲ្យថ្នាក់ដឹកនាំកងទ័ពជើងទឹក ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នូវរាល់ការប្រឈមទាំងឡាយដែលនឹងអាចកើតមានឡើង។

តាមនាយឧត្ដមសេនីយ៍ បញ្ហាប្រឈមដែលត្រូវយកចិត្តទុកដាក់នោះមានដូចជា៖ បញ្ហាអធិបតេយ្យភាពលើដែនសមុទ្រ, បញ្ហាភេរវកម្មប្រដាប់អាវុធ, អន្តោប្រវេសន៍ខុសច្បាប់, ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ ការបំពុលបរិស្ថាន គ្រោះមហន្តរាយធម្មជាតិ ដែលទាមទារឱ្យកងទ័ពជើងទឹកត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងវិន័យជាប្រចាំ ដើម្បីធ្វើសកម្មភាពអន្តរាគមន៍បានទាន់ពេលវេលា ។

ក្នុងស្មារតីនេះដែរនាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានជំរុញឲ្យកងទ័ពជើងទឹក ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តទាំងអស់ តាមរយៈការចូលចតនាវានៅកំពង់ផែកម្ពុជា ក៏ដួចជាដំណើរទស្សនកិច្ចផ្លាស់ប្តូរយោបល់ ការជួបពិភាក្សាគ្នាទៅវិញទៅមក ការចូលរួមក្នុងវេទិកាប្រជុំនានារបស់កងទ័ពជើងទឹក និងកម្មវិធីល្បាតរួមគ្នាជាមួយប្រទេសជិតខាង សំដៅចែករំលែក ព័ត៌មានទៅវិញទៅមក ពង្រឹងសមត្ថភាពមន្ត្រីយោធា ជំនាញអន្តរជាតិ និងការលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយបណ្តាប្រទេសក្នុងតំបន់ ជាពិសេសជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាធ្វើឱ្យមានសណ្តាប់ធ្នាប់ និងមានបរិស្ថានល្អនៅក្នុងដែនសមុទ្រ។

នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងកងទ័ពជើងទឹក ត្រូវខិតខំពង្រឹងសមត្ថភាពលើ គ្រប់វិស័យ ក្នុងនោះត្រូវខិតខំការហ្វឹកហ្វឺន បណ្តុះបណ្ដាល ការគ្រប់គ្រង ជូសជុលថែរក្សាឧបករណ៍ សម្ភារ យុទ្ធោបករណ៍ឱ្យបានសមស្របទៅនឹងបច្ចេកទេស និងដើរទាន់ទៅភាពរីកចម្រើនរបស់សកលលោកនាពេលបច្ចុប្បន្ន៕