(កណ្ដាល)៖ ទណ្ឌិតក្នុងពន្ធនាគារខេត្តកណ្ដាលម្នាក់ មានអាការៈមិនស្រួល ហើយក៏បានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជម្នះ តែបានផ្អើលពេញពន្ធនាគារករណីវីរុស COVID-19 ឆ្លងដល់ក្នុងពន្ធធនាគារ។ ប៉ុន្តែពេទ្យជំនាញថា ជនរងគ្រោះស្លាប់ដោយសាររោគរបេង និងជំងឺអេដស៍ប៉ុណ្ណោះ។

ករណីនេះដែរ ប្រធានពន្ធនាគារឈ្មោះ ចាត ស៉ីនាង និយាយយ៉ាងខ្លីថា «មនុស្សឈឺរោគរបេង និងជំងឺអេដស៍មើលរាប់ខែហើយ តែគាត់ឈឺគាត់ស្លាប់ហើយ គ្មានករណីផ្អើលរោគកូរ៉ូណាអ្វីនោះទេ»។ ករណីស្លាប់នេះបានកើតឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដែលការស្លាប់របស់ទណ្ឌិតរូបនេះ ត្រូវបានខាងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ បានចុះពិនិត្យសាកសពក្នុងមន្ទីរពេទ្យបង្អែក ជ័យជម្នះផងដែរ ដើម្បីបញ្ជាក់ពីមូលហេតុស្លាប់យ៉ាងពិតប្រាកដ។

សាកសពឈ្មោះ រឿន រតនា ហៅខ្មាន់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទណ្ឌិតរូបនេះ បានជាប់ឃុំពីបទជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។

នគរបាលបានរៀបរាប់សាច់រឿងថា យោងតាមការបំភ្លឺរបស់ លោក សៅ ផារិន្ទ អនុប្រធានការិយាល័យអប់រំកែប្រែបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៥៖៣០នាទី ជនជាប់ឃុំ មានអាការៈហត់ខ្លាំង បានបញ្ជូនមកមន្ទីរពេទ្យបង្អែកជ័យជម្នះដើម្បីព្យាបាល។ ពេលមកដល់មន្ទីរពេទ្យ នៅវេលា០៨៖១៥នាទី ជនជាប់ក៏ឃុំបានស្លាប់។

ប្រភពបន្តថា តាមការពិនិត្យសាកសពត្រូវបានសន្និដ្ឋានថា៖ សាកសពសភាពស្គមរីងរៃ, ស្បែករមាស់បែកស្រកាជាំខ្មៅពេញខ្លួន និងសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទ្បើយ។ ក្រោយពិនិត្យចប់ សពត្រូវបានប្រគល់ជូនខាងអង្គភាពពន្ធនាគារចាត់ចែងបន្តតាមនីតិវិធី៕