(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា បានអំពាវនាវដល់ ម្ចាស់សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ឱ្យអនុវត្តតាមសេចក្តីជូនដំណឹងលេខ១៤៧ សជណ.អគឧ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្តីពីការតម្រូវឱ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍»។

លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បានឱ្យដឹងថា៖ «ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍» តាមអនឡាញនេះ ផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍ អាចសហការផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងករណីដែលចាំបាច់ និងមានត ម្រូវការក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយការប្រើប្រាស់ប្រព័ន្ធនេះ ទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ក្នុងការបញ្ចូលព័ត៌មានរបស់ភ្ញៀវរបស់ខ្លួន ក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។

ក្នុងដំណាក់កាលនៃវិបត្តិ Covid-19 នេះ ក្រសួងទេសចរណ៍ សូមស្នើដល់គ្រប់មូលដ្ឋាន អាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់៕

របៀបប្រើប្រាស់ប្រព័ន្ធចុះវត្តមានស្នាក់នៅទេសចរណ៍អនឡាញមានបង្ហាញក្នុងសេចក្តីជូនដំណឹង និងវីដេអូពន្យល់ខាងក្រោម៖