(ព្រះសីហនុ)៖ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានខេត្តព្រះសីហនុ បាននិងកំពុងបន្តសកម្មភាពផ្សព្វផ្សាយសារអប់រំ ស្តីពីវិធានការបន្ទាន់បង្ការជំងឺ COVID-19 នៅតាមខ្នងផ្ទះ ទីប្រជុំជន និងតាមដងផ្លូវយ៉ាងសកម្មបំផុត ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19 ពិសេសចំពោះបងប្អូនពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស។

ជាក់ស្តែង ដោយអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទទាំងអស់ បើកយុទ្ធនាការពន្យល់ពីវិធីការពារ និងចែកបដា ដែលបង្ហាញពីការចម្លង នៃជំងឺ COVID-19 ដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋាននៅខេត្តព្រះសីហនុ។

ក្នុងយុទ្ធនាការនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានរៀបចំជារថយន្ត ម៉ូតូ ជាច្រើនគ្រឿងបំពាក់ ដោយប្រដាប់បំពងសម្លេង ដែលនិយាយពីកត្តាឆ្លង និងវិធីការពារ នៃជំងឺ COVID-19 នេះឲ្យបងប្អូនរស់នៅក្នុងមូលដ្ឋានបានជ្រាប និងការពារឲ្យបានដិតដល់។

បន្ថែមពីនេះ លោកបានណែនាំសូមបងប្អូនត្រូវពាក់ម៉ាស និងត្រូវសំអាតដៃ ដោយទឹកលាងដៃជេល ឬទឹកអាល់កុល និងសូមអំពាវដល់ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន មេត្តាជួយផ្តល់ព័ត៌មានបន្ទាន់ បើមានបងប្អូនត្រលប់មកពីធ្វើការនៅក្រៅប្រទេសមកផ្ទះវិញនោះ ដើម្បីជាភាពងាយស្រួលក្នុងការជូនដំណឹង និងមានវីធីការពារបានត្រឹមត្រូវ។

សម្រាប់ខេត្តព្រះសីហនុ មានអ្នកឆ្លង COVID-19 ចំនួន ៣៤នាក់ ក្នុងនោះជនជាតិចិនម្នាក់ (បានជាសះស្បើយ), ជនជាតិបារាំង ៣១នាក់ និងជនជាតិខ្មែរ ២នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ៩៣នាក់នៅទូទាំងប្រទេស៕