(កំពង់ឆ្នាំង)៖ ដោយស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល, ប្រធានគណៈកម្មការប្រឆាំងជំងឺកូវីត-១៩ ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០ បានដឹកនាំអាជ្ញាធរ និងមន្រ្តីសុខាភិបាល បន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ដីពីការបង្ការទប់ស្កាត់ ការរីករាលដាលមេរោគ COVID-19។

កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បាននិងកំពុងបន្តសកម្មភាពផ្សព្វផ្សាយសារអប់រំ ស្តីពីវិធានការបន្ទាន់បង្ការ ជំងឺ COVID-19 នៅតាមខ្នងផ្ទះ និងតាមដងផ្លូវយ៉ាងសកម្មបំផុត ដើម្បីធ្វើយ៉ាងណា រួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19 ពិសេសចំពោះបងប្អូនពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស។

វិធានការនេះត្រូវបានចាត់ទុកថា ជាវិធានការចុះផ្សព្វផ្សាយដល់គោលដៅ ពោលគឺតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចេះបង្ការការពារខ្លួនពីជំងឺ COVID-19 ដែលកំពុងរីករាលដាល់នៅបណ្តាលទូទាំងសាកលលោក រួមទាំងកម្ពុជាផងដែរ។

សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចេញសារអប់រំជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍។

សារអប់រំជាទិភាពពីលំដាប់ទី១ដល់ទី៤រួមមាន៖

*ទី១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
*ទី២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
*ទី៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់។
*ទី៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព។

ជាមួយគ្នានេះដែរលោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កិច្ចប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋនេះ គឺលោកបានណែនាំដល់អធិការស្រុកគ្រប់ស្រុក ប៉ុស្តិ៍រដ្ឋបាលទាំង៧០ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនតាមរយៈឃោសនស័ព្ទដើម្បី កុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ឬមានការព្រួយបារម្ភ ខ្លាំងពេកចំពោះករណីការរីករាលដាលនៃការឆ្លងជំងឺ COVID-19 នេះ ដែលបញ្ហានេះរាជរដ្ឋាភិបាល បានចាត់វិធានការជាច្រើនដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជំងឺនេះកុំឲ្យរីករាល ដាលនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋគ្រប់រូបក៏ត្រូវតែចូលរួមការពារខ្លួន និងក្រុមគ្រួសារទាំងអស់គ្នា ដើម្បីឲ្យសហគមន៍របស់យើង ចៀសផុតពីជំងឺ COVID-19 មួយនេះគ្រាន់តែបងប្អូនចូលរួម គោរពទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ទើបសហគមន៍របស់យើងទទួលបានសុខភាពល្អ ដោយចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺ COVID-19 ចំនួនសរុប ៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់ ហើយសម្រាប់ខេត្តបាត់ដំបងមានអ្នកឆ្លងចំនួន៨នាក់ ហើយជាសះស្បើយចំនួន២នាក់ ដែលអាចឲ្យចេញពីមន្ទីរពេទ្យ នៅពេលនេះ៕