(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ពលករចំណូលស្រុកគិតមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានវិលមកកាន់ស្រុកកំណើតមានចំនួន ២៤៦នាក់ ដែលបានចេញចំណាកស្រុកទៅធ្វើការនៅបរទេស។

លោក វ៉ី សំណាង បានអំពាវនាវដល់អ្នកចំណូលស្រុកថា បងប្អូនត្រូវរក្សាខ្លួនឲ្យនៅដាច់ដោយឡែកសាច់ញាតិ បងប្អូន និងកុំជួបជុំក្នុងកម្មវិធីផ្សេងៗដើម្បីការពាររោគឆ្លង COVID-19 ដែលជាជម្ងឺឆ្លងរាត្បាតជាសកល។

លោកអភិបាលបន្តថា «អាជ្ញាធរខេត្តមានទិន្នន័យច្បាស់លាស់ចំពោះបងប្អូនចំណូលស្រុកមកវិញ ដូច្នេះអាជ្ញាធរមូលដ្ឋាន មានមេភូមិ មេប៉ុស្តិ៍នគរបាល លោកមេឃុំ ត្រូវតែបន្តតាមដាន និងអប់រំពួកគាត់ឲ្យបានយល់អំពីការបង្ការនៃជម្ងឺឆ្លង COVID-19 បានយល់ដឹងគ្រប់គ្នាៗ»

ជាពិសេនៅតាមអង្គភាព មន្ទីររបស់រដ្ឋត្រូវសម្អាតអនាម័យ ប្រើប្រាស់មធ្យោបាយឃោសនានៅតាមភូមិ-ឃុំ វត្តអារាម រោងចក្រសហគ្រាស ឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ពីបញ្ហាការឆ្លង ជាសកលនៅជម្ងឺ COVID-19 នេះឲ្យពួកគាត់បានថែរក្សាសុខភាពខ្ពស់។

លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ពលករចំណូលស្រុកដែលវិលមកវិញពីបរទេសគឺអនុញ្ញាតឲ្យពួករស់នៅតាមផ្ទះរៀងៗខ្លួន តែត្រូវនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ និងត្រូវបានតាមដានជាប្រចាំពីមន្ត្រីសុខាភិបាល នៅមូលដ្ឋានដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់សុខាភិបាលជាចម្បង។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា រហូតមកដល់ពេលនេះ មានពលករខ្មែរប្រមាណ១៥០០០នាក់ បានត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ បន្ទាប់ពីទទួលដំណឹងថា ប្រទេសថៃមានគម្រោងបិទព្រំដែន ហើយក្នុងចំណោមនោះ ក៏មានពលករមួយចំនួនពុំបានពិនិត្យសុខភាពផងដែរ។

គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺ COVID-19 ចំនួនសរុប ៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់ ហើយសម្រាប់ខេត្តបាត់ដំបងមានអ្នកឆ្លងចំនួន៨នាក់ ហើយជាសះស្បើយចំនួន ២នាក់ ដែលអាចឲ្យចេញពីមន្ទីរពេទ្យ នៅពេលនេះ៕