(កណ្ដាល)៖ អភិបាលរងខេត្តកណ្ដាល លោក តាំង ម៉េងលាន បានជំរុញមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃស្រុកមុខកំពូល និងស្រុកពញ្ញាឮ ត្រូវបង្កើនការយកចិត្តទុក ស្រាវជ្រាវ និងអញ្ជើញពលរដ្ឋ ដែលទើបមកពីប្រទេសថៃ ឱ្យស្នាក់នៅដាច់ដោយឡែកពីអ្នកផ្ទះ និងមនុស្សទូទៅ រយៈពេល១៤ ថ្ងៃសិន ដើម្បីចូលរួមជាមួយគ្នាក្នុងការទប់ស្កាត់វីរុស COVID-19។

លោកអភិបាលរងខេត្ត បានក្រើនរម្លឹកក្រុមមន្ត្រីថ្នាក់ក្រោមយ៉ាងដូច្នេះ នៅក្នុងអង្គជុំនុំត្រួតពិនិត្យផែនការ និងពង្រឹងការអនុវត្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលជម្ងឺ COVID-19 ដល់មន្ត្រីចំណុះរដ្ឋបាលស្រុកមុខកំពូល និងស្រុកពញ្ញាឮ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

លោកអភិបាលរងខេត្ត បានលើកឡើងទៀតថា អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ តែងតែកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកណ្ដាល ហើយបញ្ជាដល់មន្ត្រីទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ អញ្ជើញពលរដ្ឋដែលទើបមកពីប្រទេសថៃ សូមស្នាក់នៅដាច់ដោយឡែកពីអ្នកផ្ទះសិន កុំចេញក្រៅ កុំប្រាស្រ័យទាក់ទងជិតស្និតជាមួយគេ ក្នុងនន័យការពារ កុំឱ្យឆ្លងវីរុស COVID-19។ ន័យនេះមិនមែនពលរដ្ឋទាំងអស់ ដែលមកពីប្រទេសថៃសុទ្ធតែមានផ្ទុកវីរុសនោះទេ ពោលគឺត្រូវការពារប្រសើរជាងព្យាបាល ហើយយ៉ាងយូរទាល់តែរយៈពេល ១៤ថ្ងៃទើបដឹងរោគសញ្ញាថា មានឬមិនមានផ្ទុកវីរុស COVID-19។

លោកអភិបាលរងខេត្ត តាំង ម៉េងលាន បានក្រើនរម្លឹកមន្ត្រីទាំងអស់ផងដែរថា ត្រូវតែរកទីតាំងសមរម្យមួយសំរាប់អ្នកសង្ស័យស្នាក់នៅ និងផ្គត់ផ្គង់ពួកគេ ហើយត្រូវបង្កើនការប្រកាសផ្សព្វផ្សាយ ជាសាធារណៈនៅតាមបណ្ដាភូមិទាំងអស់ ធ្វើយ៉ាងណា បញ្រ្ចៀបឱ្យពលរដ្ឋយើងយល់ដឹងឱ្យច្បាស់ពីបញ្ហាវីរុស COVID-19 ពិសេសពន្យល់ឱ្យដឹងពីរបៀបការពារ ការរស់នៅស្អាត ផឹកស្អាត ហូបស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល ពាក់ម៉ាស់ ហើយបើសិនជាអាការៈមិនស្រួលខ្លួនស្រដៀងនឹងរោគសញ្ញាវីរុស COVID-19 ត្រូវប្រញ៉ាប់រួសរាន់ទៅ មន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះបន្ទាន់ ដើម្បីទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗ។

លោកអភិបាលរងខេត្ត ក៏បានស្នើពលរដ្ឋយើងទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន សូមកុំភ័យជ្រុលហួសហេតុ សូមកុំជឿព័ត៌មានក្លែងក្លាយ សារសម្លេងផ្ដេផ្ដាស ដោយបងប្អូនជឿតែទៅលើ ព័ត៌នានធំៗ និងក្រសួងសុខាភិបាលទៅបានហើយ ពិសេសសូមពលរដ្ឋយើងកុំមានការរើសអើងចំពិះអ្នកជម្ងឺ និងក្រុមគ្រួសាររបស់ពួកគេ ដោយជំនួសមកវិញនូវចិត្តអាណិតអាសូរ និង លើកទឹកចិត្តពួកគាត់ជាការល្អប្រសើរឡើង៕