(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសាទរដល់អ្នកជំងឺ COVID-19 ចំនួន២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោក ងួន រតនៈ អភិបាលខេត្តបានបញ្ជាក់ថា «អ្នកជំងឺ២នាក់ ក្នុងចំណោម៨នាក់ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យឲ្យត្រឡប់ ទៅផ្ទះវិញ តែបានណែនាំឲ្យគាត់អាចកុំអាលមានប្រាស្រ័យទាក់ទងជាមួយអ្នកដទៃមួយរយៈសិន»

លោកអភិបាលខេត្ត បានអំពាវនាវថា អ្នកជាហើយត្រូវតែប្រយ័ត្នបន្តទៀត មិនមែនឈឺម្តងបានជាសះស្បើយរហូតនោះទេ គឺអាចឆ្លងមកវិញដដែលវបើយើងមិនប្រយ័តុ្ន ដូច្នេះយើងត្រូវរួមគ្នាប្រយុទ្ធ ប្រឆាំង ការពាររោគឆ្លងនេះឲ្យបានតាមរយ:សម្អាតអនាម័យជាប្រចាំដោយលាដៃជាមួយសាប៊ូ ទឹកអាលកុល កុំប៉ះពាល់អ្នកកំពុងជំងឺ ជាដើម។

លោកបានបន្តថា «COVID-19 នេះមិនមែនផ្ទុះនៅស្រុកខ្មែរយើងទេ គឺជនជាតិខ្មែរយើងឆ្លង ពីប្រទេសគេមកស្រុកខ្មែរក្នុងខេត្តមួយចំនួន ដោយឡែកខេត្តបាត់ដំបងក៏មានអ្នកឆ្លង៨នាក់នេះឯង»។ ទោះជាយ៉ាងរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត បានខិតខំយកចិត្តទុកដាក់ខ្ពស់ដើម្បីទប់ស្លាត់ការឆ្លង COVID-19 ដោយបានត្រៀមជាស្រេចបន្ទប់ព្យាបាលជំងឺនេះ គឺនៅមន្ទីរពេទ្យ មាន ៣០បន្ទប់ នៅសណ្ឋាគារស្រ្ពីងផាក ១៥០បន្ទប់ និងសាលាវិទ្យាល័យព្រះមុនីវង្ស ៣០បន្ទប់ផងដែរ។

គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺ COVID-19 ចំនួនសរុប ៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់ ហើយសម្រាប់ខេត្តបាត់ដំបងមានអ្នកឆ្លងចំនួន៨នាក់ ហើយជាសះស្បើយចំនួន ២នាក់ ដែលអាចឲ្យចេញពីមន្ទីរពេទ្យ នៅពេលនេះ៕