(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេរភូមិន្ទ កាលពីសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ ដល់នាយនាវី នាយនាវីរង និងពលនាវិក នៃកងទ័ពជើងទឹក នៅមូលដ្ឋានសមុទ្រ នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បាននាំមកនូវការសាកសួរសុខទុក្ខ នឹករឮក និងការកោតសរសើរ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ ជូនចំពោះនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុនៃកិច្ចការពារជាតិ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញបរិបូណ៍ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាសន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ជាតិ ប្រជាពលរដ្ឋគ្រប់រូប មានឱកាសប្រារព្ធពិធីបុណ្យតាមប្រពៃណីជាតិ ដែលបានបង្ហាញឲ្យឃើញពីសង្គមជាតិមួយមានវប្បធម៌ ប្រពៃណី អរិយធម៌ សីលធម៌ និងចរិយាធម៌ដ៏ល្អផូរផង់។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជការ បានផ្តាំផ្ញើដល់កងទ័ពជើងទឹក ត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងកិច្ចការពារជាតិ ការរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានកាន់តែល្អប្រសើរ ក្នុងនោះយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន ការគ្រប់គ្រងថែរក្សាសម្ភារ គ្រឿងបំពាក់ ការកសាងអង្គភាព និងត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយនានា។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ចពោះជម្ងឺ COVID-19 ឲ្យមានប្រសិទ្ធភាព។

ក្នុងឱកាសអបអរសាទរឆ្នាំថ្មីខាងមុខ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បាននាំយកនូវអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ជូនតាមបណ្តាកងឯកភាពនៃកងទ័ពជើងទឹក រួមមានថវិកា ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕