(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រគេន និងជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុងគង់ ស្នាក់នៅ និងសិក្សា នៅប្រទេសឥណ្ឌា អំពីការពន្យារពេលសុពលភាពទិដ្ឋាការសម្រាប់ជនបរទេសដែលស្នាក់នៅក្នុងប្រទេសឥណ្ឌា។

ស្ថានទូតកម្ពុជាបានឲ្យដឹងថា សម្រាប់ជនបរទេសមួយចំនួនដែលកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា មុនការរឹតបន្តឹងការធ្វើដំណើរ ហើយមិនអាចចាកចេញពីប្រទេសនេះ នៅពេលទិដ្ឋាការរបស់ខ្លួននៅមានសុពលភាព អាជ្ញាធរឥណ្ឌាបានសម្រេចដូចខាងក្រោម៖

ទិដ្ឋាការធម្មតា (Regular Visa) ទិដ្ឋាការអេឡិចត្រូនិច ឬការស្នាក់នៅរបស់ជនបរទេសទាំងអស់ដែលបានផុតកំណត់ ឬនឹងត្រូវផុតកំណត់ក្នុងរយៈពេលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ (ម៉ោង១២យប់) រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ (ម៉ោង១២យប់) នឹងត្រូវបានពន្យារសុពលភាពដោយមន្ត្រីការិយាល័យចុះបញ្ជីជនបរទេសតាមតំបន់ រហូតដល់ពាក់កណ្ដាលយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដោយឥតបង់ថ្លៃ បន្ទាប់ពីជនបរទេសបានដាក់ពាក្យស្នើសុំតាមអនឡាញនៅ PRRO/FROs ។ ការចាកចេញពីប្រទេសឥណ្ឌា ប្រសិនបើមានការស្នើសុំក្នុងកំឡុងពេលនេះ នឹងត្រូវបានអនុញ្ញាតដោយពុំមានការផាកពិន័យលើការស្នាក់នៅហួសកំណត់ឡើយ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ស្ថានទូតកម្ពុជា៖