(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីកាំកុងត្រូល រួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត, មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរស្រុកពញាក្រែក បានធ្វើការចាក់កប់លុប និងដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ១តោន ដែលរកឃើញ និងដកហូតពីអាជីវករ នាពេលកន្លងមក។

លោក មាស មោរ៉ា បានឲ្យដឹងថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលមន្រ្តីជំនាញរបស់លោកដកហូតពីអាជីវករ លក់ដូរមួយចំនួន នៅក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០១៩ និងឆ្នាំកន្លងមកសរុបចំនួនប្រមាណ១តោន ដោយនៅថ្ងៃនេះ បានធ្វើការកម្ទេចចោលទំនិញខូចគុណភាព រួមមានភេសជ្ជៈ គ្រឿងឧបភោគ និងបរិភោគចម្រុះ នៅទីតាំងមួយកន្លែងស្ថិតនៅភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោកបញ្ជាក់ថា សកម្មភាពកម្ទេចចោល គឺចាក់ទំនិញខូចគុណភាពខាងលើចូលក្នុងរណ្តៅ រួចចាក់ដីលុបពីលើ ហើយស្ថិតក្រោមការសហការពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ តាំងពីដើមរហូតដល់ចប់។

លោក មាស មោរ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ។ ជាពិសេសអ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដើម្បីទុកបានយូរ នៅស្រស់ល្អ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ឬច្បាប់ហាមឃាត់ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បាប់៕