(កំពង់ឆ្នាំង)៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19 ) ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះបានដឹកនាំ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស អង្គភាពមន្ទីរមួយចំនួន នឹងក្រុមយុវជន ស.ស.យ.ក បានចុះធ្វើការសម្អាតទីតាំងអគារសិក្សាមួយកន្លែង ស្ថិតនៅក្នុងវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច ស្ថិតក្នុងស្រុកកំពង់ត្រឡាច ដើម្បីត្រៀមដល់ប្រជាពលរដ្ឋដែលមានផ្ទុកជំងឺឆ្លង COVID-19 មកធ្វើការពិនិត្យ និងសម្រាកព្យាបាល ប្រសិនបើកើតមានជាយថាហេតុ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ឆ្នាំងរបស់យើង ទើបតែមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនតែ ៣នាក់ ក៏ពិតមែន ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែសនោះដែរ គឺត្រូវតែមានវិធានការការពារ ឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺនេះ ដោយរដ្ឋបាលខេត្តនៅតែបន្ត និងអនុវត្តឲ្យកាន់ តែសកម្មថែមទៀត នូវការផ្សព្វផ្សាយអប់រំ ណែនាំឲ្យកាន់តែទូលំទូលាយ និងផុលផុសដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានទូទាំងខេត្តនូវវិធានការ បង្ការ វិធានការអនាម័យ និងវិធានការ ដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដា អង្គភាពរដ្ឋ ឯកជន និងរោងចក្រសហគ្រាសទាំងអស់នៅក្នុងខេត្តផងដែរ។

លោក អម សុភា បានបន្តថា ដើម្បីជាការអនុវត្តវិធានការ បង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងដោយមានការឯកភាពយល់ព្រមពីនាយកសាលា បានសម្រេចជ្រើសរើសយកទីតាំង ៣កន្លែងបន្ថែមទៀត នៅក្នុងខេត្តកំពង់ឆ្នាំង។

លោកបញ្ជាក់ថា៖ ១៖ វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្ថិតក្នុងស្រុកកំពង់ត្រឡាច ដែលមាន៤០បន្ទប់ស្មើ នឹង៨០គ្រែ, ២៖ សាលាបឋមសិក្សាគំរូក្រុង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង មាន២០បន្ទប់, ៣៖ វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ស្ថិតក្នុងស្រុកបរិបូណ៌ មាន២០បន្ទប់។ ដោយឡែកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មាន៥បន្ទប់ មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ មាន៣បន្ទប់ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចមាន៥បន្ទប់ សរុបទាំងអស់់ ទូទាំងខេត្តកំពង់ឆ្នាំង មាន៩៣បន្ទប់ ស្មើនឹង១៨៦គ្រែ។

ចំពោះប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ ឬប្រទេសផ្សេងទៀត លោកអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់ នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ដឹង និងអនុវត្តឲ្យបាននូវវិធានការ ដែលត្រូវដាក់ខ្លួនឯង ឱ្យនៅក្រៅពីសាច់ញាតិរយៈ ពេល១៤ថ្ងៃសិន។ ករណីមានការសង្ស័យ ត្រូវទំនាក់ទំនង និងរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន ឬក៏មណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតបំផុត កុំឲ្យមានការធ្វេសប្រហែសឲ្យសោះ៕