(ភ្នំពេញ)៖ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បាននិងកំពុងបន្តសកម្មភាពផ្សព្វផ្សាយសារអប់រំ ស្តីពីវិធានការបន្ទាន់បង្ការជំងឺកូវីដ១៩ នៅតាមខ្នងផ្ទះ និងតាមដងផ្លូវយ៉ាងសកម្មបំផុត ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសចំពោះបងប្អូនពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស។

ជាក់ស្តែង ដោយអនុវត្តន៍នូវបទបញ្ជារបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ទោ ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទទាំងអស់ បើកយុទ្ធនាការពន្យល់ពីវិធីការពារ និងចែកបដា ដែលបង្ហាញពីការចម្លង នៃជំងឺ COVID-19 ដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។

ក្នុងយុទ្ធនាការនេះ លោកវរសេនីយ៍ទោ ស៉ឹម ពិសិដ្ឋ បានរៀបចំជារថយន្តម៉ូតូជាច្រើនគ្រឿងបំពាក់ ដោយប្រដាប់បំពងសម្លេង ដែលនិយាយពីកត្តាឆ្លង និងវិធីការពារ នៃជំងឺ COVID-19 នេះឲ្យបងប្អូនរស់នៅក្នុងមូលដ្ឋានបានជ្រាប និងការពារឲ្យបានដិតដល់។

បន្ថែមពីនេះ លោកអធិការបានទទួលការផ្តាំផ្ញើរពីសំណាក់ នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត សូមបងប្អូនត្រូវពាក់ម៉ាស និងត្រូវសំអាតដៃ ដោយទឹកលាងដៃជេល ឬទឹកអាល់កុល និងសូមអំពាវដល់ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន មេត្តាជួយផ្តល់ព័ត៌មានបន្ទាន់ បើមានបងប្អូនត្រលប់មកពីធ្វើការនៅក្រៅប្រទេសមកផ្ទះវិញនោះ ដើម្បីជាភាពងាយស្រួលក្នុងការជូនដំណឹង និងមានវីធីការពារបានត្រឹមត្រូវ៕