(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគបាលជាតិ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពពិធីផ្សព្វផ្សាយ អនុក្រឹត្យលេខ ៣៩អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤អនក្រ.បក ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។

ពិធីផ្សព្វផ្សាយអនុក្រឹត្យនេះ ធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់, ប្រធាន អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ, នាយការិយាល័យចំណុះនាយកដ្ឋាន, ស្នងការរង និងនាយការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានី ខេត្តផងដែរ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ថា អនុក្រឹត្យថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាបបំផុត ពិសេសពេលដែលទទួលបានការផ្សព្វផ្សាយនេះហើយ ត្រូវពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ទោះបីជាប្រាក់ នៃការផាកពិន័យមានការកើនឡើងក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលមានបំណងតែមួយគត់ គឺការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯងផង និងការពារអាយុជីវិតអ្នកដទៃផង។ នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ឲ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវធ្វើយ៉ាងពង្រឹងការចាប់ជនល្មើស ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់បុកហើយរត់ឲ្យបាន ក្នុងករណីជនល្មើសរត់រួចកម្លាំងជំនាញ ត្រូវធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនល្មើសឲ្យបាន ដើម្បីឈានទៅដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ជាមួយគ្នានេះ អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានជម្រុញឲ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ ពង្រឹងការបញ្ចូលទិន្នន័យបទល្មើស គ្រោះថ្នាក់ចរាចរណ៍ ទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីជាមូលដ្ឋានរក្សាទុកព័ត៌មាន និងដើម្បីភាពងាយស្រួលក្នុងស្រាវជ្រាវរកមុខសញ្ញាល្មើសផងដែរ៕