(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការទទួលខុសត្រូវនូវព័ត៌មានដែលខ្លួនយកមកបង្ហោះ ឬចែកចាយ ព្រោះអាចប្រឈមនឹងច្បាប់ បើការផ្សព្វផ្សាយក្លែងបន្លំណា ដែលបង្កឲ្យមានភាពចលាចលដល់សង្គម ខណៈប្រទេសជាតិកំពុងជួបបញ្ហាប្រឈមខ្លាំងគឺ COVID-19។

ការអំពាវនាវបែបនេះ ក្រោយពីមាន Page Facebook មួយចំនួន បានឆ្លៀតឱកាសបង្ហោះព័ត៌មាន ឬរូបភាព ដែលផ្ទុយទៅនឹងបម្រាមដើម្បីការពារការឆ្លងជំងឺ COVID-19។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា «ការបង្ហោះព័ត៌មាន ឬរូបភាព ដែលផ្ទុយទៅនឹងបម្រាមបែបនេះ គឺក្នុងគោលបំណង ដើម្បីទទួលបានការទាក់ទាញ ការចាប់អារម្មណ៍ ចូលមើល ឬចុចឡែក បានច្រើនទៅលើ page របស់ពួកគេប៉ុណ្ណោះ»

មន្រ្តីនគរបាលជាន់ខ្ពស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ថា «ក្នុងពេលដែលប្រជាពលរដ្ឋ មានការព្រួយបារម្ភ ទាក់ទងទៅនឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19 ក៏មាន Page មួយចំនួន (KRT_Shop) បានឆ្លៀតឱកាស ធ្វើការបង្ហោះព័ត៌មាន ឬរូបភាព ដែលផ្ទុយទៅនឹងបម្រាមដើម្បីការពារការឆ្លងជំងឺ COVID-19»

មន្រ្តីនគរបាលរូបនេះ បានចាត់ទុកថា ក្នុងគោលបំណង ដើម្បីទទួលបានការទាក់ទាញ ការចាប់អារម្មណ៍ ចូលមើល ឬចុចឡែក បានច្រើនទៅលើ Page របស់ពួកគេប៉ុណ្ណោះ តែតាមពិតព័ត៌មាននេះ ត្រូវបានធ្វើការបង្ហោះ កាលពីឆ្នាំកន្លងទៅ ហើយពុំមានការទាក់ទងទៅនឹងជំងឺ COVID-19 នោះទេ។ ហេតុដូច្នេះហើយ សូមប្រជាពលរដ្ឋទាំងអស់ កុំមានការយល់ច្រឡំ។ សូមរំឮកផងដែរថា ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺ COVID-19 បងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាគម្លាតពីគ្នា យ៉ាងតិចឲ្យបានមួយម៉ែត្រកន្លះ ទៅពីរម៉ែត្រ, ពាក់ម៉ាសនៅកន្លែងដែលមានមនុស្ស និងលាងដៃឲ្យបានជាប្រចាំ។ នេះការណែនាំរបស់ក្រសួងសុខាភិបាល។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការទទួលខុសត្រូវនូវព័ត៌មានដែលខ្លួនយកមកបង្ហោះ ឬចែកចាយ ព្រោះលោកអ្នកអាច ប្រឈមនឹងច្បាប់ នូវការផ្សព្វផ្សាយក្លែងបន្លំណា ដែលបង្កឲ្យមានភាព ចលាចលដល់សង្គម»៕