(ស្វាយរៀង)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុង-ខេត្តស្វាយរៀង មានករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនខុសច្បាប់រួចមក កម្លាំងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង ចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី ០១នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងនាវេលាម៉ោង១៥៖៣៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

នគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ នី វ៉ាន់ហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរចុងភៅ រស់នៅភូមិកំពង់ភ្នំ ឃុំអំពើទឹក ស្រុកលើកដែក ខេត្តកណ្តាល។ ទី២៖ ឈ្មោះ ភោគ គឹមសាន ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង។

នគរបាល បានបញ្ជាក់ថា ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនបានជុំគ្នានៅបន្ទប់លេខ០៦ របស់ឈ្មោះ ឥន ស្រីនាត ស្ថិតក្នុងភូមិស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង លុះដល់ម៉ោង១៧៖៣០នាទី កម្លាំងជំនាញ បានសុំគោលការណ៍ការដឹកនាំ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីបន្តធ្វើការឆែកឆេរបន្ទប់ខាងលើ។

ក្នុងការឆែកឆេរនេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់បន្ថែមទៀតរួមមាន ១៖ ឈ្មោះ ឥន ស្រីនាត ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឬស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប, ២៖ ឈ្មោះ សាន់ ណារិន ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ ភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង, ៣៖ ឈ្មោះ វ័រ កុសល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាណរ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូត សម្ភារៈវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ០៥គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងធ្វើការកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕