(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ីនធឺណិត EZECOM បានចេញប្រកាសថា ក្រុមហ៊ុននឹងដំឡើងល្បឿនអ៊ីនធឺណិត ២០០% សម្រាប់អ្នកដែលកំពុងប្រើប្រាស់កញ្ចប់ EzeSurf របស់ខ្លួន ដើម្បីជួយឱ្យទទួលបានល្បឿនអ៊ីនធឺណិតកាន់តែលឿន សម្រាប់អ្នកធ្វើការពីគេហដ្ឋាន សំដៅទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ហើយអតិថិជន ប្រើប្រាស់កញ្ចប់អ៊ីនធឺណិត EzeSurf ទាំងអស់នឹងទទួលបានការដំឡើងល្បឿននេះដោយឥតគិតថ្លៃ និងដោយស្វ័យប្រវត្តិ រហូតដល់ចុងខែមិថុនា។

នេះគឺជាការចូលរួមចំណែកមួយពីសំណាក់ក្រុមហ៊ុន EZECOM ខណៈកម្ពុជាកំពុងរងផលប៉ះពាល់ពីវិបត្តិសាកលនៃវីរុសកូរ៉ូណា។ ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ សេវាអ៊ីនធឺណិតដ៏ធំមួយ សកម្មភាពរបស់ EZECOM ពិតជាមានសារសំខាន់ ខណៈក្រុមហ៊ុនធុរកិច្ចនិងអ្នកធ្វើការកាន់តែច្រើន បានជ្រើសរើសធ្វើការពីគេហដ្ឋានរបស់ពួកគេ ដើម្បីជៀសវាងការចម្លង និងឆ្លងមេរោគ។

ក្រុមហ៊ុន EZECOM ធ្វើការដំឡើងល្បឿនអ៊ីនធឺណិតដោយឥតគិតថ្លៃនេះ មានគោលបំណងជួយឱ្យអ្នកប្រើប្រាស់ អាចធ្វើការងារពីគេហដ្ឋានកាន់តែមានប្រសិទ្ធិភាព ក៏ដូចជារក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ការដំឡើងល្បឿននេះនឹងត្រូវធ្វើឡើងដោយស្វ័យប្រវត្តិ មានន័យថាអតិថិជនមិនចាំបាច់ទៅការិយាល័យ EZECOM ឬធ្វើអ្វីជាពិសេសនោះទេ។ ការផ្តល់ជូននេះក៏មិនមែនសម្រាប់តែអតិថិជនចាស់នោះទេ ដូច្នេះអ្នកចុះឈ្មោះថ្មីៗសម្រាប់កញ្ចប់ EzeSurf ក៏ទទួលបានល្បឿនទ្វេដងដូចគ្នាក្នុងអំឡុងពេលផ្តល់ជូននេះផងដែរ។

ក្រុមហ៊ុន EZECOM ក៏លើកទឹកចិត្តឱ្យអតិថិជនរបស់ខ្លួនពិចារណាធ្វើការទូទាត់ប្រាក់ពីតាមអ៊ីនធឺណិត ឬពីចម្ងាយ តាមរយៈដៃគូជាច្រើន ដូចជា Wing ធនាគារ J Trust Royal ធនាគារ ABA ធនាគារ Maybank និងដៃគូដទៃទៀត។ សេចក្តីជូនដំណឹងនោះបានបញ្ជាក់ផងដែរថា ក្រុមហ៊ុន EZECOM នឹងបន្តចាត់សកម្មភាពផ្សេងៗទៀត ដើម្បីចូលរួមចំណែកទប់ទល់នឹងបញ្ហាវីរុស Covid-19 តាមលទ្ធភាពរបស់ពួកគេជាអ្នកផ្តល់សេវាអ៊ីនធឺណិតដ៏ធំមួយនៅកម្ពុជា។

EZECOM សង្ឃឹមថាអ្នកប្រើប្រាស់ជាច្រើន នឹងទទួលបានអត្ថប្រយោជន៍ពីការដំឡើងល្បឿនអ៊ីនធឺណិតនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមចូលទៅគេហទំព័រ ezecom.com.kh ឬទាក់ទងទៅលេខ ០២៣ ២៣ ៨១ ៨១, ០៨៥ ៨៨ ៨១ ៨១៕