(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាពលករ ទើបវិលត្រឡប់មកដល់ផ្ទះវិញ ត្រូវរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃសិន ដើម្បីឲ្យប្រាកដថា ខ្លួនមិនមានផ្ទុកជម្ងឺកូវីដ១៩ និងដើម្បីកុំឲ្យឆ្លងជំងឺនេះ ទៅក្រុមគ្រួសារ ក្នុងករណីដែលខ្លួនមានផ្ទុកជំងឺនេះ។

ដោយឡែក អ្នកដែលមានអាការៈគួរឲ្យសង្ស័យ ដូចទៅនឹងរោគសញ្ញានៃជំងឺកូវីដ១៩ ត្រូវប្រញ៉ាប់រាយការណ៌ ទៅមន្រ្តីសុខាភិបាល តាមរយៈទូរសព្ទ័លេខ១១៥ ឬទៅកាន់មណ្ឌលសុខភាពផ្ទាល់ ដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា។

ក្រៅពីនេះ ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គោរពតាមសារចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺ កូវីដ១៩ផងដែរ។

ដូច្នេះ ដើម្បីទប់ស្កាត់កុំឲ្យមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា រដ្ឋបាលខេត្តព្រៃវែង បានដាក់ចេញនូវយុទ្ធនាការថ្មីមួយ ដោយឲ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយ នៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការពារទប់ស្កាត់ ជំងឺកូវីដ១៩នេះ ទាំងអស់គ្នា។

ក្រៅពីការដាក់ចេញ នូវយុទ្ធនាការផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះនេះ អាជ្ញាធរខេត្តព្រៃវែង ក៏បានបង្កើតទីតាំងសម្រាប់ទទួល និងព្យាបាលជនរងគ្រោះ ដែលសង្ស័យ ឬមានជំងឺកូវីដ១៩នេះ ចំនួន៣ទីតាំង នៅក្នុងក្រុងព្រៃវែង៖

*ទីតាំងទី១៖ គឺនៅអាគារសណ្ឋាគារចុងប៉ម ដែលមានចំនួន៤៨បន្ទប់
*ទីតាំងទី២៖ គឺនៅអាគារផ្ទះសំណាក់គ្រូបង្រៀន ដែលមានចំនួន២២បន្ទប់
*ទីតាំងទី៣៖ គឺនៅអាគារ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង ដែលមានចំនួន៣៣បន្ទប់ ហើយក្នុងបន្ទប់និមួយៗ មានបំពាក់ទៅដោយសម្ភារៈបរិក្ខា និងប្រព័ន្ធទឹកភ្លើង គ្រប់បន្ទប់ទាំងអស់ផងដែរ។

គូសបញ្ជាក់ថា ខណៈដែលពិភពលោក មានអ្នកកើតជំងឺនិងស្លាប់ ដោយសារវីរុសកូរ៉ូណារាប់ម៉ឺននាក់ ហើយនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញ មានអ្នកឆ្លងជំងឹនេះ រហូតដល់ទៅ៨៧ករណីក៏ដោយ ប៉ុន្តែសម្រាប់ខេត្តព្រៃវែង រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះ នៅឡើយទេ។

ទោះជាយ៉ាងនេះក្តី រយៈពេល២-៣ថ្ងៃនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស រាប់ពាន់នាក់ បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើត ក្នុងខេត្តព្រៃវែងវិញ ដោយគេមិនបានដឹងថា ក្នុងចំណោមមនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគកូរ៉ូណា ឬអត់នោះទេ។

សម្រាប់ខេត្តព្រៃវែងវិញ គិតត្រឹមថ្ងៃទី២១មីនា ឆ្នាំ២០២០នេះ ខេត្តព្រៃវែង មានពលករចំណាកស្រុក បានវិលត្រឡប់មកវិញ សរុបចំនួន៣៨៧៥នាក់ ស្រី១៨៩១នាក់ ក្នុងនោះ ចំណាកស្រុកក្នុងប្រទេសមានចំនួន៣៤៩៩នាក់ ស្រី១៧៤០នាក់ ក្រៅប្រទេសមានចំនួន៣៧៦នាក់ ស្រី១៥១នាក់។

ប្រទេសដែលពួកគាត់បានចាកចេញ ត្រឡប់មកដល់ខេត្តព្រៃវែងវិញនោះ រួមមាន ថៃចំនួន៣២៧នាក់ ស្រី១៣៣នាក់ ម៉ាឡេស៊ី៦នាក់ ស្រី៣នាក់ កូរ៉េ១៥នាក់ ស្រី៥នាក់ ជប៉ុន២នាក់ និងចិន១នាក់ ប៉ុន្តែរហូតមកដល់ពេលនេះ ពលករអស់នេះ គេនៅមិនទាន់រកឃើញមាននរណាម្នាក់ មានអាការៈសង្ស័យ ឬមានផ្ទុកជំងឺកូវីដ១៩ នៅឡើយទេ៕