(ភ្នំពេញ)៖ ដើម្បីចូលរួមការពារ ការឆ្លងនូវមេរោគ កូវីដ ១៩ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចុះចែកម៉ាស និងស្រោមដៃ ដល់កម្មករប្រមូលសំរាម ចំនួន១៣០នាក់ ដែលបម្រើសេវាប្រមូលសំរាម នៅក្នុងមូលដ្ឋានខណ្ឌចំការមន។

លោកអភិបាលខណ្ឌចំការមន បានណែនាំដល់ក្រុមកម្មករប្រមូលសំរាម ពីវិធីសាស្ត្រក្នុងបង្ការ និងទប់ស្កាត់ ការពារ និងរបៀបថែខ្លួនកុំឲ្យឆ្លងរោគ គឺយើងការពារខ្លួនពីកូវីដ ១៩ បានដោយលាងដៃ ឲ្យបានញឹកញាប់ជាមួយទឹកស្អាត និងទឹកអាកុលក៏បាន។

ក្នុងករណីមិនស្រួលខ្លួនសង្ស័យ បានឆ្លងជំងឺកូវីដ-១៩ សូមទាក់ទងទៅអ្នកដែលផ្តល់សេវាសុខភាព ឬមន្ទីពេទ្យ ដើម្បីទទួលបានការណែនាំ និងផ្តល់ព័ត៌មាន។ លោកបន្តថា សូមបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យ លាងដៃនឹងសាប៊ូ ពាក់ម៉ាស និងស្រោមដៃជាប្រចាំ ដើម្បីរក្សាសុខភាពឲ្យបានល្អ។

លោក ថេង សុថុល បានឲ្យដឹងទៀតថា សូមឲ្យបងប្អូនប្រជាជនទាំងអស់ ចូលរួមធ្វើអនាម័យ ដោយលាងសម្អាតដៃ នឹងសាប៊ូជាប្រចាំ ឲ្យបានទៀងទាត់ និងពាក់ម៉ាស, ពាក់ស្រោមដៃជាប្រចាំ ដើម្បីថែរក្សានូវសុខភាព ឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរជាជាងព្យាបាល គឺត្រូវតែស្អាត និងមានអនាម័យជានិច្ចការពារខ្លួន យើងក៏ដូចការពារក្រុមគ្រួសារយើងផងដែរ។ ដូចនេះ យើងមិនត្រូវមើលរំលងឡើយ ក្នុងការថែទាំសុខភាព។

លោក សុន សុធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា នាព្រឹកនេះ លោកអភិបាលខណ្ឌចុះចែកម៉ាស ដល់កម្មករស៊ីនទ្រី ចំនួន៩៨នាក់ សំរាប់វេនថ្ងៃ។ ដោយឡែក សំរាប់វេនយប់ នៅវេលាម៉ោង៩យប់ លោកអភិបាលខណ្ឌ ចុះចែកដល់កម្មករ ចំនួន៣០នាក់ទៀត នៅក្នុងវត្តទួលទំពូង៕