(ក្រចេះ)៖ ដើម្បីជាវិធានការបន្ទាន់មួយ ទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ចំពោះប្រជាពលរដ្ឋ ពិសេសបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ជាពិសេសមកពីប្រទេសថៃនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចផងដែរ បានចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយ សារអប់រំស្តីពីជំងឺ COVID-19 ដោយប្រើប្រាស់ឧបករណ៍បំពងសំឡេង នៅតាមភូមិឃុំស្រុក និងតាមរោងចក្រផងដែរ។

ដើម្បីផ្សព្វផ្សាយការងារអាទិភាពនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានប្រើប្រាស់មធ្យោបាយធ្វើដំណើរ ដូចជាម៉ូតូ និងរថយន្ត ដោយបំពាក់ឧបករណ៍បំពងសំឡេង ផ្សព្វផ្សាយនូវសារអប់រំ របស់ក្រសួងសុខាភិបាល។

វិធានការនេះត្រូវបានចាត់ទុកថា ជាវិធានការចុះផ្សព្វផ្សាយដល់គោលដៅ ពោលគឺតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចេះបង្ការការពារខ្លួន ពីជំងឺ COVID-19 ដែលកំពុងរីករាលដាល់នៅបណ្តាលទូទាំងសាកលលោក រួមទាំងកម្ពុជាផងដែរ។

សម្រាប់ខេត្តក្រចេះវិញ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះថា ក្រោយមានបទ បញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងការទប់ស្កាត់ និងណែនាំដល់ពលករមកពីក្រៅប្រទេសនោះ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានដឹកនាំភ្លាម និងបញ្ជាឲ្យអង្គភាពពាក់ព័ន្ធចុះធ្វើការនេះភ្លាម ដើម្បីទប់ស្កាត់ និងការពារកុំឲ្យរីករាលដាលនៃជំងឺ COVID-19 នៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ចំនួនប្រជាពលករមកពីក្រៅប្រទេស មកដល់ភូមិសាស្ត្រខេត្តក្រចេះ មានចំនួន ៦២នាក់ ក្នុងនោះមានស្រី ៣២នាក់រួមមាន៖

*ក្រុងក្រចេះ ៨នាក់ មកពីថៃ និងកូរ៉េ ២នាក់
*ស្រុកព្រែកប្រសព្វ ១២នាក់ មកពីថៃ តាមច្រកល្វៀង
*ស្រុកសំបូរ ៥នាក់ មកពីថៃ តាមច្រកឡែម
*ស្រុកចិត្របុរី ២៤នាក់មកពីថៃ តាមច្រកប៉ោយប៉ែត
*ស្រុកឆ្លូង គ្មាន
*ស្រុកស្នួល ១៣នាក់ មកពីចិនម្នាក់ ថៃ ១២នាក់ តាមច្រកឡែម និងអូរស្មាច់។

សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចេញសារអប់រំជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍។

សារអប់រំជាទិភាពពីលំដាប់ទី១ដល់ទី៤រួមមាន៖

*ទី១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
*ទី២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
*ទី៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់។
*ទី៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព៕