(ប៉ៃលិន)៖ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ខេត្តប៉ៃលិន រួមទាំងក្រុមការងារ កាកបាទក្រហមខេត្តប៉ៃលិន ដឹកនាំដោយ លោកស្រី បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលប៉ៃលិន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានបើកយុទ្ធនាការចុះបាញ់ទឹកអាល់កុលសម្លាប់មេរោគ តាមទីធ្លាសាធារណៈ និងទីប្រជុំជន ផ្សារ ទូទាំងខេត្តប៉ៃលិន ដើម្បីប្រយុទ្ធប្រឆាំង និងសម្លាប់មេរោគកូវីដ១៩ ។

ក្រុមការងារយុវជន និងកាកបាទក្រហម ក៏បានចូលរួមសម្របសម្រួលជួយដល់មន្ទីរពេទ្យខេត្ត ដើម្បីជួយពិនិត្យសុខភាពដល់ ពលករដែលបានត្រឡប់ពីប្រទេសថៃផងដែរ។ យុទ្ធនាការនេះ នឹងធ្វើការបាញ់សម្លាញ់មេរោគទូទាំងខេត្តតែម្តង ព្រោះមកដល់ថ្ងៃនេះខេត្តប៉ៃលិន មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ បានឆ្លងជំងឺកូវីដ១៩ នៅឡើយទេ។

គួរជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ (ស្រី២២នាក់ ប្រុស៦៥នាក់) ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។ ទោះជាយ៉ាងនេះក្តី ក្នុងចំណោមអ្នកជំងឺ៨៧នាក់នោះ ក៏មាន២នាក់ផងដែរ ត្រូវបានព្យាបាលជាសះស្បើយ នោះគឺជនជាតិចិនមកពីទីក្រុងវូហាន និង ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ៕