(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ គ្មានជើងហោះហើរទាល់តែសោះ នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តសៀមរាប។

ការបញ្ជាក់របស់សម្តេច បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គ្រាដែលកម្ពុជាកំពុងតែប្រឈមជាមួយការរីករាលដាល នៃមេរោគ COVID-19។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់កម្ពុជាយើង ព្រំដែនអាកាសអត់បិទទេ ប៉ុន្តែដោយសារប្រទេសនានាគេបិទ វាដូចជាយើងបិទដែរ។ ឧទាហរណ៍សៀមរាប លឺថាថ្ងៃនេះតាមរបាយការណ៍មកថា ហាក់ដូចជាមិនមានជើងហោះហើរទេ អញ្ចឹងប្រៀបថា ទោះបីជាយើងមិនបានបិទ ប៉ុន្តែប្រទេសនានាគេបិទ វាដូចតែគ្នាទេ ព្រោះអាហ្នឹងជាវិធានការ ដើម្បីជួយប្រជាជនរបស់គេ»

បើតាមសម្តេចក្រឡាហោម ស ខេង សម្រាប់កម្ពុជាយើង មិនទាន់មានវិធានការបិទជើងហោះហើរផ្លូវអាកាសទេ ប៉ុន្តែយ៉ាងនេះក្តី សម្តេចចាត់ទុកថា វិធានការបិទផ្លូវអាកាសរបស់ប្រទេសនានាលើពិភពលោក ក៏ដូចជាប្រទេសជិតខាងក្បែរកម្ពុជាយើង សុទ្ធតែជាវិធានការជួយយើងផងដែរ ពីការចម្លងមេរោគ Covid-19 ដ៏កាចសាហាវនេះ។

សម្តេចបានថ្លែងបន្ថែមថា ទោះបីកម្ពុជាមិនបានប្រកាសថាបិទជើងហោះហើរ ប៉ុន្តែគ្រប់ប្រទេសលើពិភពលោក បានបិទអស់ហើយ ធ្វើឲ្យគ្មានអ្នកធ្វើដំណើរតាមយន្តហោះមកឡើយ។ ហេតុនេះ ទោះបីកម្ពុជាយើង មិនមានវិធានការបិទជើងហោះហើរក៏ដោយ ក៏ជើងហោះហើរយើង អាចត្រូវបិទដោយស្វ័យប្រវត្តិដែរ៕