(សៀមរាប)៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច បង្កើតអនុគណៈកម្មការ និងផ្សព្វផ្សាយវិធានការបង្ការនឹងជំងឺ COVID-19 ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាល លោកនាយលរដ្ឋបាល ប្រធានការិយាល័យ កងកម្លាំងប្រដាប់អាវុធ លោក មេឃុំ មេភូមិ ប្រធានមណ្ឌលសុខភាពឃុំ ស្រុក និងអាជ្ញាធរពាក់ព័ន្ធមួយចំនួននៅមូលដ្ឋានក្នុងស្រុកប្រាសាទបាគង។

កិច្ចប្រជុំនេះ លោកអភិបាលបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេឃុំមេភូមិ ដែលជាសមាជិកអនុគណៈកម្មការ ត្រូវបន្តចុះអប់រំ និងផ្សព្វផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យឲ្យបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងវិធានបង្ការនៃការឆ្លងវីរុស COVID-19 តាមណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានបងប្អូនមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺ COVID-19 ត្រូវប្រញាប់នាំគាត់ទៅមណ្ឌលសុខភាពនៅជិតបំផុតដើម្បីធ្វើតេស្ត ឬទូរស័ព្ទទៅលេខ១១៥។

យោងតាមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប បន្ទាប់ពីប្រកាសសេចក្តីសម្រេច បង្កើតអនុគណៈកម្មការនេះហើយ ក្រុមការងារ នៃរដ្ឋបាលស្រុក មានផែនការបើកយុទ្ធនាការ បាញ់ថ្នាំកំចាត់មេរោគនៅតាមទីសាធារណៈដូចជា ផ្សារ សាលាស្រុក សាលាឆទាន សាលាឃុំ ស្នាក់ការភូមិ និងកន្លែងៗទៀតផងដែរ។

ដោយឡែកសម្រាប់បងប្អូនពលករ ដែលទើបត្រលប់មកពីប្រទេសថៃ លោកអភិបាលបានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវកំណត់ស្ថិតិ អត្តសញ្ញាណឱ្យបានច្បាស់ និងផ្សព្វផ្សាយណែនាំដល់ពួកគាត់រស់នៅដាច់ដោយឡែកជាលក្ខណៈបុគ្គលរយៈពេល ១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល បើមានករណីសង្ស័យ ឬមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺកូវីដ-១៩ ត្រូវនាំគាត់ទៅមណ្ឌលសុខភាពពិនិត្យ និងព្យាបាលជាបន្ទាន់។

ក្នុងកិច្ចប្រជុំនេះលោកអភិបាល ក៏បានលើកទឹកចិត្តនិងស្នើដល់មន្ត្រីសុខាភិបាល នៅតាមមណ្ឌលសុខភាពឃុំ/ស្រុក ដែលជាអ្នកប្រយុទ្ធជួរមុខ ប្រឆាំងនឹងជំងឺ COVID-19 ផ្ទាល់ និងមានភារកិច្ចព្យាបាល ថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងសូមបន្តផ្សព្វផ្សាយជាប្រចាំនូវវិធានការបង្ការនឹងកូវីដ-១៩ ដល់បងប្អូនដែលមកទទួលសេវា ឬកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពផង៕