(ភ្នំពេញ)៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកប្តី និងកូនតូចពីរនាក់របួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តតូរីសបុកម៉ូតូកង់បីពីក្រោយ នៅខណ្ឌសែនសុខ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ មុខហ្គ្រេនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូកង់បីមួយគ្រឿងជិះគ្នា៤នាក់ ម្ដាយឪពុក និងកូនតូចៗពីរនាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តតូរីសពណ៌សជិះគ្នាពីរនាក់ បានធ្វើដំណើរមកពីក្រោយក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏ជ្រុលទៅបុកម៉ូតូកង់បីពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យខ្ទាតទៅបុករថយន្តកុងតឺន័រ ដែលកំពុងចតនៅមួយកន្លែងបណ្ដាលឲ្យស្ត្រីម្នាក់បានគៀបជាប់ក្រោមកង់បីស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ចំណែកឯកូនតូចៗ និងប្តីរបស់ស្ត្រីរងគ្រោះ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យភ្លាមៗផងដែរ។

ចំណែកឯអ្នកបើកបររថយន្តបង្ក និងអ្នករួមដំណើរវិញក៏រងរបួសធ្ងន់ ក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូន ទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ច ជំនាញចរាចរណ៍ ដើម្បីធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង រង់ចាំដោះស្រាយគ្នា នៅពេលក្រោយផងដែរ។ ដោយឡែកសពស្រ្តីរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ៕