(ព្រៃវែង)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង សម្រាប់ព្យាបាលជំងឺ Covid-19 ចំនួន ៣កន្លែង មាន ១០៣បន្ទប់ បើទោះបីមិនទាន់មានករណីអ្នកឆ្លងវីរុស Covid 19 នេះក៏ដោយ។

ក្នុងនោះរដ្ឋបាលខេត្ត បានសម្រេចយក ទីតាំងសម្រាប់ត្រៀមជូនប្រជាពលរដ្ឋដែលសង្ស័យថាមានវីរុស COVID-19 ដើម្បីពិនិត្យព្យាបាល និងដាក់ដោយឡែកចំនួន ៣កន្លែង សរុប ១០៣ បន្ទប់ រួមមានទី១៖ សណ្ឋាគារ «ចុងប៉ម» មានបន្ទប់ចំនួន ៤៨បន្ទប់ ទី២៖ ផ្ទះសំណាក់ «គ្រូបង្រៀន» មានបន្ទប់ចំនួន ២២បន្ទប់ និងទី៣៖ អគារសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង មានបន្ទប់ចំនួន ៣៣បន្ទប់។

ជាមួយគ្នានេះលោក ជា សុមេធី បានជំរុញដល់សមាជិកគណៈកម្មការខេត្តទាំងអស់ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចសហការរួមគ្នារៀបចំ ផែនការរួមដោយប្រមូលផ្ដុំមធ្យោបាយ និងធនធាននៅក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាត្រៀមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីដែលប្រចាំការនៅតាមច្រកព្រុំដែនទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ នៅតាមច្រកទ្វារព្រំដែននីមួយៗ និងអាជ្ញាធរក្រុង ស្រុកត្រូវ មានការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ដែលទើបឆ្លងមកពីប្រទេសថៃថ្មីៗនេះ ដោយអប់រំផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាលឱ្យប្រជាពលរដ្ឋទាំងនោះ ត្រូវតែអនុវត្ត សម្រាកនៅនឹងកន្លែង ក្នុងផ្ទះរយៈពេល ១៤ថ្ងៃ ជាមុនសិនមុននឹងគាត់ចង់ទៅកន្លែងណាផ្សេងទៀត។ ក្នុងនោះ ប្រសិនបើប្រជាពលរដ្ឋណាមួយមានអការៈមិនប្រក្រតី ត្រូវទាក់ទងទៅលេខ ១១៥ ឬទៅមណ្ឌលសុខភាព ដើម្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។

លោក ជា សុមេធី បានបញ្ជាក់ថា ក្នុងនោះស្រុកមួយចំនួន នៅក្នុងខេត្តព្រៃវែង លោកមេភូមិ មេឃុំ ក៏បានធ្វើការផ្សព្វផ្សាយតាមរយៈមេក្រូ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួន ដើម្បីឱ្យគាត់បានយល់ច្បាស់អំពីវិធានការការពារនៃការរីករាលដាលនៃជំងឺវីរុស Covid19 នេះផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស៦៥នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់ បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕