(ស្វាយរៀង)៖ ស្របពេលដែលជំងឺ COVID-19 កំពុងរាតត្បាតពាសពេញពិភពលោក ដែលបណ្តាលឱ្យមនុស្សឆ្លង និងស្លាប់រាប់ពាន់នាក់ ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ដោយមានការផ្សព្វផ្សាយអប់រំអំពីវិធីការពារខ្លួនពីមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាអាជ្ញាធរខេត្តផងនោះ នៅតាមហាងកាហ្វេ ហាងលក់បាយគុយទាវ សាលាខេត្ត ស្នងការនគរបាលខេត្ត ទីបញ្ជាការអាវុធហត្ថខេត្ត តំបន់សឹករងខេត្ត មន្ទីរនានាជុំវិញខេត្ត សាលាស្រុក ក្រុង ឃុំ សង្កាត់ នៅទូទាំងខេត្តស្វាយរៀង បាននាំគ្នាការពារខ្លួនយ៉ាងខ្ជាប់ខ្ជួន។

មន្ត្រីបម្រើការងារ នៅតាមសាលាក្រុង-ស្រុកទាំង៨ នៅខេត្តស្វាយរៀង បានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺ COVID-19 ដែលជាជំងឺដ៏សាហាវមួយកំពុងតែរាតត្បាតខ្លាំង នៅពាសពេញពិភពលោក នៅតាមបណ្តាស្រុក ក្រុងមានក្រុមមន្ត្រីជំនាញបាញ់ថ្នាំសម្លាប់មេរោគ ដាក់ទឹកអាល់អាកុលលាងដៃ និងម៉ាស៊ីនវាស់កម្លាំងជាដើម។

ក្នុងនោះនៅតាមហាងកាហ្វេ និងហាងលក់បាយ គុយទាវមួយចំនួន នៅក្នុងក្រុងស្វាយរៀង ក៏បានយល់ដឹងពីវិធីការពារខ្លួន ដោយហាងកាហ្វេខ្លះមានម៉ាស៊ីនបាញ់កំដៅដោយដៃ និងទឹកលាងដៃ ដើម្បីសម្លាប់មេរោគផងដែរ។

សូមបញ្ជាក់ថា ទោះបីខេត្តស្វាយរៀង មិនទាន់មានអ្នកឆ្លងជំងឺ COVID-19 ក្តី តែនៅចំពោះមុខវិធានការទប់ស្កាត់ និងបង្ការជំងឺ COVID-19 រដ្ឋបាលខេត្តស្វាយរៀង ក៏បានត្រៀមរៀបចំទីតាំងអគារ ដែលមានបន្ទប់ដាច់ដោយឡែកបន្ថែមទៀត សម្រាប់គ្រប់មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឱ្យបានស្របតាមវិធានវេជ្ជសាស្ត្រ ហើយក៏បានត្រៀមសម្ភារធនធានមនុស្ស សម្រាប់ត្រៀមលក្ខណៈសម្បត្តិ ដែលអាចកើតមានឡើង ជាយថាហេតុផងដែរ។

ម៉្យាងវិញទៀតបានរៀបចំក្រុមវេនប្រចាំការតាមដានស្ថានភាពសុខភាពទូទៅប្រចាំថ្ងៃ ដែលមានអនុប្រធានលេខាធិការដ្ឋានជាប្រធានក្រុមវេននីមួយៗ ដើម្បីងាយស្រួលអន្តរាគមន៍ និងគ្រប់គ្រង់ស្ថានភាពជាក់ស្តែងដែលអាចកើតមាន អប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីឆ្លងជំងឺ COVID-19 ដោយត្រូវចេះការពារខ្លួនដោយរស់នៅស្អាត ហូបស្អាត និងចេះអនាម័យខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាកុល ឱ្យបានជាប់ជាប្រចាំ ក្រុមការងារឆ្លើយតបបន្ទាន់ (RRT) ត្រូវចុះទៅបន្ទាន់ពេលដែលមានអ្នកសង្ស័យដែលមករកសេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនានា នៅតាមស្រុក ក្រុង។

គួរជម្រាបថា នៅថ្ងៃទី២៣ ខែមីនានេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ពីរនាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ឡើងដល់ ៨៦នាក់ហើយ៕