(កោះកុង)៖ លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះថា បុរសជនជាតិខ្មែរដែលឆ្លងជំងឺ COVID-19 វ័យ ៥៧ឆ្នាំ មានទីលំនៅភូមិត្រើយកោះ សង្កាត់ដងទង់ ខេត្តកំពត ត្រូវបានធូរសះស្បើយច្រើន និងអាចចេញពីពេទ្យនាពេលឆាប់ៗនេះ។

លោកវេជ្ជៈបណ្ឌិត បានបន្ថែមទៀតថា សម្រាប់អ្នកជំងឺ មិនទាន់ឲ្យវិលទៅលំនៅដ្ឋានវិញទេ ដោយបន្តស្ថិតក្រោមការព្យាបាលពីគ្រូពេទ្យជំនាញសិន ហើយបានយកកំហាករបស់គាត់ទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រម្តងទៀត ទើបដឹងច្បាស់ថា តើគាត់ឆ្លងផុតពីជំងឺ COVID-19 ហើយនៅ ឬបានជាសះស្បើយ ហើយឬនៅ? តែចំពោះសុខភាពគាត់រាល់ថ្ងៃ មានភាពរឹងមាំវិញហើយ។

លោកវេជ្ជៈ ទៅ ម៉ឹង បានបន្តថា បើវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ចេញលទ្ធផលថា អ្នកជំងឺអវិជ្ជមានវិរុស COVID-19 មន្ទីរពេទ្យបង្អែកខេត្តនឹងឲ្យគាត់វិលត្រឡប់ ទៅលំនៅដ្ឋានវិញ។

លោកបានបញ្ជាក់ទៀតថា ចំពោះវិធានការការពារជំងឺឆ្លង COVID-19 នេះក្រុមលោកគ្រូពេទ្យ នៅតែបាញ់ថ្នាំជុំវិញបរិវេណកន្លែង បន្ទប់ព្យាបាលគាត់ជាប្រចាំ ដើម្បីការពារកុំឲ្យជំងឺ COVID-19 រីករាលដាលបន្ត ហើយសូមឲ្យបងប្អូន មន្ត្រីគ្រប់ស្ថាប័នចូលសហការ ជាមួយមន្ទីរពេទ្យ ក្រសួងសុខភិបាល ដើម្បីទប់ស្កាល់ COVID-19 ទាំងអស់គ្នា។

ជាមួយគ្នានោះ ប្រធានមន្ទីរសុខាភិបាល សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួនឯង ធ្វើតាមការណែនាំ របស់ក្រុមលោកគ្រូពេទ្យ និងក្រសួងសុខាភិបាលណែនាំ ពីព្រោះជំងឺ COVID-19 នេះវាកើតរីករាលដាល់ពាសពេញពិភពលោក ការពារប្រសើរជាងព្យាបាល។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប ៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស ៦៥នាក់ ដែលក្នុងនោះមានចិន ១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមានម្នាក់ បានជាសះស្បើយហើយ) កាណាដាម្នាក់ ប៊ែលហ្សិកម្នាក់ បារាំង ៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ ៣៥នាក់។ សម្រាប់ខេត្តកោះកុងមានអ្នកឆ្លង COVID-19 ចំនួន២នាក់ផងដែរ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕